(កំពង់ស្ពឺ)៖ ជនសង្ស័យជាប្រធានសន្តិសុខយាមដីឲ្យក្រុមហ៊ុន «ស្លាតសានណាន» ដែលបានប្រើប្រាស់អាវុធប៉ុនប៉ងបាញ់សម្លាប់គោរបស់ប្រជាពលរដ្ឋ និងគំរាមបាញ់ម្ចាស់ ផងនោះ ព្រោះតែរឿងក្រុមហ៊ុនចោទថា លួចប្រេង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ តាមស្រាវជ្រាវចាប់ខ្លួនបានហើយ និងបានបញ្ជូនខ្លួន ទៅកាន់តុលាការនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ឹន សុភាព អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខយាមក្រុមហ៊ុន «ស្លាតសានណា» ក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង និងភូមិក្រាំងដីវ៉ាយ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ដែលរងការចោទប្រកាន់ពីជនរងគ្រោះថា បានបទប៉ុនប៉ងដេញបាញ់ សម្លាប់ខ្លួននោះ ត្រូវបានបញ្ជូនទៅកាន់តុលាការតាមនិតិវិធី។

លោកស្នងការបន្តថា «ជនសង្ស័យជាជនស៊ីវិលប្រើកាំភ្លើងបាញ់គំរាម គឺជារឿងខុសច្បាប់យ៉ាងធ្ងន់ធ្ងរ»។ លោកបានប្រាប់ទៀតថា តាមការស៊ើបអង្កេតរបស់មន្ត្រីជំនាញ ករណីខាងលើនេះ មិនមែនជាការប៉ុនប៉ងសម្លាប់មនុស្សទេ ប៉ុន្តែជនសង្ស័យពិតជាបានប្រើប្រាស់អាវុធ និងបាញ់បោះឡើងលើមែន ព្រោះតែខឹងនឹងសត្វគោវា បានចូលស៊ីដាំណាំ ក្នុងចំការដីក្រុមហ៊ុន «ស្លានសានណាននេះ»។

លោកបន្តថា ប្រសិនជាប៉ងបាញ់ស្លាប់មែននោះ ជនរងគ្រោះគេចមិនរួចឡើយ ដោយសារកាំភ្លើងសល់គ្រាប់ពេញបង់ ហើយការបាញ់គឺបាញ់ទៅលើ ដើម្បីគំរាម មិនឱ្យសត្វគោចូលមកស៊ីផលដំណាំទៀតតប៉ុណ្ណោះ។

សូមរលឹកថា ប្រធានគ្រប់គ្រងសន្តិសុខស៊ីឈ្នួលកាងដីក្រុមហ៊ុន «ស្លាកសានណាន» ត្រូវបានកម្លាំងនគរបាល ស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា និងប្រើប្រាស់អាវុធខុសដោយច្បាប់។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានកាំភ្លើងខ្លី ម៉ាក K59 មួយដើម បង់មួយគ្រាប់៧ និងកាំភ្លើងកែឆ្នៃបាញ់ខ្សល់មួយដើម និងទូរស័ព្ទមួយគ្រឿង។

សូមបញ្ជាក់ថា ជនសង្ស័យ ធ្លាប់បានធ្វើសកម្មភាពដេញបាញ់ជនរងគ្រោះឈ្មោះ គឹម ថាន ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នាពេលកន្លងមកឈ្មោះ ហ៊ឹន សុភាព ធ្លាប់ធ្វើសកម្មភាពបាញ់បោះសេរីអាណាធិបតេយ្យ ក្នុងភូមិសាស្រ្តឃុំតាំងសំរោង និងឃុំក្រាំងដីវ៉ាយ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋជាច្រើនឆ្នាំកន្លងមកហើយ និងធ្លាប់បាញ់សត្វគោរបស់អ្នកភូមិវះយកសាច់ស៊ីអស់ជាច្រើនក្បាល ទោះបីជនរងគ្រោះប្តឹងទៅអាជ្ញាធរ រហូតដល់ស្ថាប័នតុលាការ ក៏គ្មានប្រសិទ្ធភាព និងទទួលបានភាពយុត្តិធម៌ឡើយ ព្រោះបុគ្គលនេះអាងអំណាច នាយកក្រុមហ៊ុនស្លាតសានណានជាមន្ត្រី យោធាថ្នាក់ឧត្តមសេនីយ៍៕