(ភ្នំពេញ)៖ ដោយមានការយកចិត្តទុក្ខដាក់ ទៅលើសុវត្ថិភាពចំណីអាហារ ពីប្រធានប្រតិភូទទួលបន្ទុក អគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ​ ជាក់ស្តែងនៅព្រឹកថ្ងៃទី​១៥ ខែ​សីហា​ ឆ្នាំ​២០១៧​ ក្រុមការងារមន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ​ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញ​ តាមបណ្តាផ្សារទំនើបនានា ក្នុងមូលដ្ឋានខណ្ឌដូនពេញដើម្បីពិទិត្យមើលកាលបរិច្ឆេទ នៅលើសំបកវេចខ្ចប់របស់ទំនិញ។

​ក្នុងការចុះត្រួតពិនិត្យទំនិញនាពេលនោះ​ មន្ត្រីសាខាកាំកុងត្រូលបានណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលឲ្យត្រូវតា ​លក្ខណៈ​បច្ចេកទេស ដោយញែកចេញពីគ្នារវាង គ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ​ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។

ជាមួយគ្នានេះ មន្ត្រីកាំកុងត្រូលបានបញ្ជាក់ថា លទ្ធផលក្នុងប្រតិបត្តិការលើកនេះ​ មន្ត្រីជំនាញសង្កេតឃើញថា ពុំមានវត្តមានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ឡើយ​ នេះគឺជាលទ្ធផលគួរជាទីមោទនៈសំរាប់មន្ត្រីផែស្ងួតទាំងមូល​ ដែលតែងអនុវត្តនូវវិធានសរុប​ ទាំងការងារណែនាំ​ដល់អាជីវករ និងដកហូតនូវទំនិញដែលមានផលអវិជ្ជមាន ដល់សុខភាពអ្នកប្រើប្រាស់។

មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

​ចំពោះប្រតិបត្តិការខាងលើនេះ​ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ​ ទឹកចិត្តរីករាយ​ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង​ នឹងស្តាម៉ាត​ នានា​ក្នុងរាជធានីភ្នំពេញ​ រកសារធាតគីមី​ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕