(ភ្នំពេញ)​៖ ទីបំផុត​ !​ រឿង​ក្តី​ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ កូន​ប្រុស​លោក​ គុយ​ ប៊ុន​សន​ អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ជាមួយ​កញ្ញា​ សុខ​ ចិន្ដា​ ហៅ​ ​វ៉ាន់​ នីឡា​ ពាក់ព័ន្ធ​ការ​ប្រើ​ហិង្សា​និង​បង្ហោះ​រូបភាព​អាក្រាត​នោះ​ ឥឡូវ​ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​សាលក្រម​ហើយ​ នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែ​សីហា​ នេះ​ ដោយ​ផ្តន្ទា​ទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​ និង​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​ចំនួន​២០០លាន​រៀល​។

នៅក្នុង​ការ​ប្រកាស​សាលក្រម​នេះ​ គេ​ពុំ​បាន​ឮ​លោក​ កោ​ វណ្ឌី​ អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ ទេ (ពុំមានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទេ)​ តែ​បើក​ផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។

ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ ត្រូវ​បាន​ចោទប្រកាន់​​ពី​បទ «ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូបភាព​អាសអាភាស» ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​អំឡុង​ឆ្នាំ​២០១៦​ តាម​មាត្រា​២១៧ នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​មាត្រា​៣៨ និង​មាត្រា​៣៩​ ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​​។

ទោះបី​អវត្តមាន​ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ ក្នុង​ពេល​សវនាការ​ក៏ដោយ​ ក្រឡាបញ្ជី​សវនាការ​បាន​អាន​ចម្លើយ​របស់​គុយ​ សិទ្ធិ​សក្តិ​ នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ ដោយ​បញ្ជាក់​ថា​ គុយ​ សិទ្ធិ​សក្តិ​ បានស្គាល់ សុខ ចិន្តា ហៅ​​ វ៉ាន់ នីឡា​ តាមហ្វេសប៊ុកកាលពីឆ្នាំ២០១៤ហើយដល់​ឆ្នាំ២០១៥​ បានស្រលាញ់គ្នាហើយ ក៏បាននាំទៅលេងផ្ទះនិងជួបប៉ាម៉ាក់។ចំណែករឿងដែលចោទថា​ គុយ​ សិទ្ធិ​សក្តិ​ បង្ហោះរូបអាសអាភាស គឺ​ជនជាប់ចោទ​មិនបានដឹងទេ និងសុំឲ្យតុលាការជួយរក​យុត្តិធម៌​។

ដោយ​ឡែក​លោក​ នួន​ បូរ៉ា​ មេធាវីការពារសិទ្ធិឲ្យដើមបណ្តឹង​បាននិយាយនៅពេលសវនាការថា កាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦​ លោក គុយ សិទ្ធិ​សក្តិ​ និង ដើមបណ្តឹង​ សុខ ចិន្តា ហៅ​​ វ៉ាន់ លីឡា បាន​ឈ្លោះ​គ្នាហើយ គុយ សិទ្ធិ​សក្តិ​ បាន​វាយ​ វ៉ាន់​ នីឡា​ ។​ ពេលនោះជនរងគ្រោះ​ បានបើក​ឡានចេញ​ឲ្យគេជួយ ហើយពេលនោះ គុយ សិទ្ធិ​សក្តិ​ បានបើកឡានរបស់ជនរងគ្រោះចេញទៅ ហើយនៅក្នុងឡាននោះក៏មានកាបូប​ទូរស័ព្ទ​របស់ជនរងគ្រោះផងដែរ​ដោយ​រយៈពេល​ជិត១០ថ្ងៃ​ ទើប​គុយ​ សិទ្ធិ​សក្តិ​ បានយកមកប្រគល់ឲ្យ​វ៉ាន់​ នីឡា​ វិញ។

លោក​មេធាវី​ បន្ត​ថា​ ចំណែករូបដែលបានបង្ហោះនោះគឺដោយសារតែការស្រលាញ់គ្នានិងគិតថា​បានគ្នាជាប្តីប្រពន្ធទើបមានការថតផ្ញើឲ្យគ្នាមើលដោយសារតែ គុយ សិទ្ធិ​សក្តិ​នៅរៀនឯបរទេស។​ក្នុង​រឿង​ក្ដី​នេះ​ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០ម៉ឺន​ដុល្លារ​ ។

លោក​ សេង​ ហៀង​ ជា​តំណាង​អយ្យការ​ នៅ​តែ​សន្និដ្ឋាន​រក្សា​បទ​ចោទប្រកាន់​លើ​ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ ដដែល​ ហើយ​ស្នើ​តុលាការ​សម្រេច​តាម​ច្បាប់​ ៕