(សៀមរាប)៖ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ បានថ្លែងអះអាងថា ជាចក្ខុវិស័យ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៧លាននាក់ ដែលនឹងបង្កើតចំណូលជូនជាតិ ប្រមាណ៥ពាន់លានដុល្លារអាមេរិក និងបង្កើតការងារផ្ទាល់ ជូនប្រជាពលរដ្ឋខ្មែរប្រមាណជិត១លាននាក់ទៀតផងដែរ។

ការអះអាងបែបនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការអនុវត្តបរិស្ថានគ្មានផ្សែងបារី ជូនដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍» និងមានសិក្ខាកាមចូលរួម ជាម្ចាស់មូលដ្ឋានអាជីវកម្ម និងតំណាងសេវាកម្មទេសចរណ៍ជាច្រើននាក់ ដែលបានរៀបចំធ្វើឡើង នៅភោជនីយដ្ឋានម៉ុងឌីយ៉ាល់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោក ហោ សារុន បានបញ្ជាក់យ៉ាងដូច្នោះថា «ជាក់ស្តែងរយៈពេល៦ខែដើមឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន២,៦២២,៦៧៩នាក់ កើនឡើង១២.៨% ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៦។ ជាចក្ខុវិស័យ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ៧លាននាក់ ដែលនឹងបង្កើតចំណូលជូន ជាតិប្រមាណ៥ពាន់លានដុល្លារអាមេរិក និងបង្កើតការងារផ្ទាល់ប្រមាណជិត១លាននាក់»

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបន្ថែមទៀតថា បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ និងសុខភាពរបស់ភ្ញៀវទេសចរ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដែលក្នុងនោះ បរិស្ថានគ្មានផ្សែងបារី ជាបរិបទមួយដែលពិភពលោក ក៏ដូចជាក្នុងតំបន់បាន នឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលអាចប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក។

លោកថា បច្ចុប្បន្នថ្នាំជក់ សម្លាប់មនុស្សប្រមាណជាង៦លាននាក់ ក្នុងមួយឆ្នាំ ដែលគិតជាមធ្យមប្រមាណជា១៦,៤៣៨នាក់ ក្នុងមួយថ្ងៃ ដែលក្នុងនោះ អ្នកស្រូបផ្សែងបារីពីគេចំនួន ប្រមាណជាង៦សែននាក់។ អ្នកស្លាប់ទាំងនោះ គឺបណ្តាលមកពីជំងឺមហារីកសួត ដាច់សរសៃឈាមខួរក្បាល មហារីមាត់គាំងបេះដូង ក្រិនសរសៃឈាម មហារីក្រពះ មហារីកប្លោកនោម។ល។

លោក ហោ សារុន បានបញ្ជាក់ទៀតថា បើគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពទេ នៅឆ្នាំ២០៣០ ថ្នាំជក់អាចនឹងសម្លាប់មនុស្ស៨លាននាក់ ក្នុងមួយឆ្នាំ ហើយ៨០% នៃអ្នកស្លាប់ គឺស្ថិតនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ។

លោក ហោ សារុន បន្តថា សម្រាប់កម្ពុជាយើងក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋប្រមាណ១០០០០នាក់ ស្លាប់បណ្តាលមកពីជំងឺ ដែលបង្កមកពីការប្រើប្រាស់ថ្នាំជក់។ ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នចូលជាសមាជិកអនុសញ្ញាស្តីពី ការត្រួតពិនិត្យថ្នាំជក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងការគាំទ្រ និងប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំ ដែលមានចែងក្នុងអនុសញ្ញា
របស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងរួមចំណែកផលប៉ះពាល់លើសុខភាព បរិស្ថាន និងសេដ្ឋកិច្ច។

សូមបញ្ជាក់ថា អង្គការចលនាដើម្បីសុខភាពកម្ពុជា បានការសហការគាំទ្រពីក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលានេះឡើង មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានម៉ុងឌីយ៉ាល់ ខេត្តសៀមរាប ដែលមានសិក្ខាកាមជាម្ចាស់មូលដ្ឋានអាជីវកម្ម និងតំណាងសេវាកម្មទេសចរណ៍ជាច្រើន ក្នុងក្រុងសៀមរាប។
សិក្ខាកាមចូលរួមនឹងទទួលបានវិញ្ញាបនប័ត្រ បញ្ជាក់ពីការចូលរួមរបស់ក្រសួងទេសចរណ៍ផងដែរ។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ព័ត៌មានស្តីពី កាតព្វកិច្ចនៃម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មពាក់ព័ន្ធ ទៅនឹងបរិស្ថាន​គ្មានផ្សែងបារី ដល់ទីភ្នាក់ងារទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងមណ្ឌលកំសាន្ដដទៃទៀត ជំរុញអនុវត្តច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានា ព្រមទាំងរួមចំណែកក្នុងទិសដៅប្រែក្លាយ ទីក្រុងសៀមរាប ជាទីក្រុងគ្មានផ្សែងបារី៕