(ភ្នំពេញ​)៖ ប្តីប្រពន្ធ​ចំណាស់​ពីរ​នាក់​ ស្នើ​លោក​ទេស​រដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លុប​លិខិត​មួយ​ច្បាប់​របស់​ក្រសួង​ដែនដី​ចោល​វិញ​ ដោយ​អះអាង​ថា​ មូលហេតុ​ដែល​លោក​ទេសរដ្ឋមន្រ្តី​ចេញ​លិខិត​មួយ​ច្បាប់​នេះ​ ព្រោះ​ទទួល​របាយការណ៍​បំភ័ន្ត​ បំភ្លៃ​ការ​ពិត​របស់​លោក​ សារិន​ វណ្ណា​ ប្រធាន​មន្ទីរ​ដែនដី​រាជធានី​ភ្នំពេញ​ថ្មី​ ដែល​បាន​ឃុបឃិត​ជាមួយ​ភាគី​ម្ខាងទៀត​។​ ពួកគេ​ទាំងពីរ​នាក់​ សុំ​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ផងដែរ​ ដើម្បី​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​ជូន​ពួកគេ​។

លោក​ សុខ​ អឿន​ អាយុ​៦៤ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ មួង​ វ៉ាន់​នី​ អាយុ​៥៧ឆ្នាំ​ កាលពី​ថ្ងៃទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៧​ បាន​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​មួយ​ច្បាប់​ ជូន​លោក​ទេស​រដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដែល​មាន​កម្មវត្ថុ​ «សំណើ​សុំ​លុប​ចោល​លិខិត​លេខ​១៧៨៣ដនស/អគ្គា​ធិ​ ចុះ​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០១៧ របស់​ក្រសួង​ដែនដី»។

ពួកគេ​ទាំងពីរ​នាក់​ រៀបរាប់​ក្នុង​ពាក្យ​បណ្ដឹង​តវ៉ា​ នេះ​ថា​ក្នុង​ប្លង់​គំរោង​អភិវឌ្ឍ​របស់​សាលា​រាជធានី​ភ្នំពេញ​ ក៏ដូចជា​គណៈកម្មការ​រដ្ឋបាល​វាស់វែង​ម្តង​ទៀត​ កាលពី​ថ្ងៃទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១០​ ដោយ​ម៉ាស៊ីន​វាស់វែង​ម៉ាក​ Leica TC405 បង្ហាញ​ថា​ ផ្លូវ​លេខ​១៩៧៨​ គឺ​កាត់​ចំ​ដី​របស់​ឈ្មោះ​ សុខ​ សាន្ត​ ទាំងអស់​ តើ​ហេតុអ្វី​បាន​ជា​ LMAP បង្ហាញ​ថា​ ផ្លូវ​លេខ​១៩៧៨​ បែរ​កាត់​លើ​ដី​របស់​លោក​ សុខ​ អឿន​ ទៅ​វិញ​នេះ​ជា​ការ​ឃុបឃិត​គ្នា​របស់​មន្ត្រី​ថ្នាក់​ក្រោម​ក្នុង​ការ​បង្វែរ​ផ្លូវ​លេខ​១៩៧៨​ ឲ្យ​មក​ចំ​ដី​លោក​ សុខ​ អឿន​ ខុស​ពី​គំរោង​ប្លង់​កែតម្រូវ​គំរោង​អភិវឌ្ឍ​ តំបន់​លំនៅដ្ឋាន​ និង​អាង​ស្តុក​ទឹក​នៅ​ភូមិ​ពោងពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០០៦​។

ដោយសារ​តែ​ផ្លូវ​លេខ​១៩៧៨​ កាត់​តាម​ព្រំ​ដី​របស់​លោក​ សុខ​ អឿន​ និង​ ដីដែល​លក់​ឲ្យ​ឈ្មោះ​ សុខ​ សាន្ត​ ទើប​គណៈកម្មការ​ដោះស្រាយ​វិវាទ​ សម្រេច​ចិត្ត​គោរព​នូវ​កិច្ចសន្យា​បញ្ជាក់​បន្ថែម​ ដែល​លោក​ សុខ​ អឿន​ បាន​ព្រមព្រៀង​ជាមួយ​ ឈ្មោះ​ សុខ​ សាន្ត​ ដោយ​លោក​ សុខ​ អឿន​ សុខចិត្ត​ខាតបង់​ដី​ចំនួន​៥ម៉ែត្រ​ តាម​បណ្ដោយ​ផ្លូវ​ ហើយ​ភាគី​ សុខ​ សាន្ត​ ក៏​ត្រូវ​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​នេះ​ដែរ​ តែ​ឈ្មោះ​ សុខ​ សាន្ត​ បែរ​ជា​មិន​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​ហើយ​ បំភ័ន្ត​មន្ត្រី​សុរិយោដី​ ក្នុង​ការ​បង្ហាញ​កិច្ចសន្យា​បញ្ជាក់​បន្ថែម​ដល់​មន្ត្រី​នោះទេ​ បែរ​ជា​ឃុបឃិត​គ្នា​លាក់បាំង​ដោយ​ព្យាយាម​ចង់​ឲ្យ​ផ្លូវ​លេខ​១៩៧៨​ ងាក​មក​ចំ​លើ​ដី​របស់​លោក​ សុខ​ អឿន​ ទាំងស្រុង​ ហើយ​ស្រប​តាម​បណ្ដោយ​ព្រំដី​របស់​លោក​សុខ​ អឿន​ តែ​ម្តង​។

ប្តីប្រពន្ធ​ពីរ​នាក់​ដែល​អះអាង​ថា​កំពុង​រង​ភាព​អយុត្តិធម៌​ បាន​សង្កត់​ធ្ងន់​ថា​ «កាល​ដែល​លោក​ទេស​រដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ សម្រេច​ឲ្យ​ធ្វើ​ការ​កែសម្រួល​លើ​វិញ្ញាបនប័ត្រ​របស់​ខ្ញុំ​បាទ​ (សុខ​ អឿន​)​ ធ្វើ​ឲ្យ​ដី​របស់​ខ្ញុំ​មាន​ទំហំ​តូច​មិន​អាច​សាងសង់​ លំនៅដ្ឋាន​​បាន​ការ​សម្រេច​បែប​នេះមិនមែនជានយោបាយរបស់រដ្ឋាភិបាលក្នុងការ​ជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ​ឡើយ​»។

ម្ចាស់​បណ្តឹង​តវ៉ា​ទាំង​ពីរ​នាក់​នេះ​ បន្ត​ទៀត​ថា​ ពួកគេ​គោរព​ស្រឡាញ់​លោក​ទេស​រដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ ដែល​ជា​ថ្នាក់​ដឹក​នាំ​ដ៏​ល្អ​ តែងតែ​ជួយ​ការពារ​នូវ​ការ​អនុវត្ត​ច្បាប់​កម្ចាត់​នូវ​មន្ត្រី​ខិលខូច​ ដែល​តែងតែ​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ដី​ ធ្វើ​បាប​អ្នក​ស្លូតត្រង់​ និង​ ទន់ខ្សោយ​ ដោយ​ធ្វើ​របាយការណ៍​បំភ័ន្ត​ បំភ្លៃ​ការ​ពិត​។

ជា​ចុងក្រោយ​ ប្តីប្រពន្ធ​ទាំង​ពីរ​នាក់​ សូម​ឲ្យ​លោក​ ទេស​រដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ មេត្តា​ពិនិត្យ​ស្រាវជ្រាវ​ ករណី​នេះ​ឡើង​វិញ​ ដើម្បី​រក​ការ​ពិត​ជៀសវាង​មន្ត្រី​ថ្នាក់​ក្រោម​ ដែល​មាន​មន្ត្រី​ខ្លះ​ «ជាមន្ត្រី​គ្រាប់​ល្ពៅ» ដូច​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ ជៀសវាង​បណ្តែត​បណ្តោយ​ឲ្យ​មន្ត្រី​ខិលខូច​ទាំង​នោះ​ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ តាម​អំពើ​ចិត្ត​ធ្វើ​បាប​ប្រជាជន​ ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ប៉ះពាល់​ដល់​ការ​ដឹកនាំ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​សម្តេច​តេជោ​ ជា​នាយករដ្ឋមន្ត្រី​។​

អង្គភាព​ព័ត៌មាន​ Fresh News រង់ចាំ​ការ​បំភ្លឺ​ពីភាគី​ពាក់ព័ន្ធ​គ្រប់​ពេលវេលា​៕