(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ គឺ Mercedes-Benz បានចាប់ដៃគ្នាជាមួយបណ្តាញព័ត៌មានដ៏ល្បីនៅកម្ពុជា Fresh News និង Thmey Thmey បង្កើតកម្មវិធីដ៏ថ្មីសន្លាងមួយមានឈ្មោះថា «មែកសឺដែស និងកំណប់អាថ៌កំបាំង» ដើម្បីគាស់កកាយនិងរុករកនូវ ផលិតផលរបស់ខ្មែរ រួមទាំងតំបន់ទេសចរណ៍ស្រស់ស្អាតនៅគ្រប់ខេត្តទូទាំងប្រទេស ដែលកប់នៅតាមដងព្រៃភ្នំ។

លោក លឹម ជាវុត្ថា អគ្គនាយកព័ត៌មាន Fresh News និងលោក គី សុខលីម អគ្គនាយកព័ត៌មាន Thmey Thmey បានថ្លែងឲ្យដឹងថា តាមរយៈកម្មវិធីនេះ ក្រុមអ្នកព័ត៌មានរបស់លោកនឹងចុះរុករកផលិតផលរបស់ខ្មែរ និងតំបន់ទេសចរណ៍នៅគ្រប់ខេត្តទាំងអស់យកមកផ្សព្វ ផ្សាយជូនប្រជាពលរដ្ឋខ្មែរ។ ទាំងលោក លឹម ជាវុត្ថា និង លោក គី សុខលីម សុទ្ធតែមានជំនឿចិត្តថា តាមរយៈកម្មវិធីនេះនឹងជួយឲ្យ ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនបានស្គាល់ពីផលិតផលរបស់ខ្មែរនៅតាមខេត្ត ក៏ដូចជាតំបន់ទេសចរណ៍ស្រស់ស្អាតជាច្រើនដែលពលរដ្ឋ ខ្មែរមិនទាន់បានដឹង ឬ មិនទាន់បានទៅដល់នោះ។

កម្មវិធីគាស់កកាយបង្ហាញផលិតផលរបស់ខ្មែរ និងរុករកតំបន់ទេសចរណ៍អាថ៌កំបាំង នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ សប្តាហ៍ក្រោយនេះហើយ។ ដំណើរចុះទៅគាស់កកាយផលិតផលរបស់ខ្មែរ និងរុករកតំបន់ទេសចរណ៍ជាលើកដំបូងរបស់អ្នកព័ត៌មាន Fresh News និង Thmey Thmey ក្រោមការដឹកជញ្ជូនដោយរថយន្ត Mercedes-Benz ដែលជារថយន្តដ៏ល្បីល្បាញនិងរឹងមាំរបស់ អាល្លឺម៉ង់ នឹងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់។

ដំណើរឆ្ពោះទៅខេត្តជាប់បឹងទនេ្លសាប ស្ថិតនៅទិសបស្ចិមនៃប្រទេសកម្ពុជា ចម្ងាយប្រមាណជា ២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញនេះ ក្រុមអ្នកព័ត៌មានត្រៀមនឹងបង្ហាញផលិតផល ព្រមទាំងតំបន់ទេសចរណ៍ល្បីៗមួយចំនួនក្នុងខេត្តពោធិ៍សាត់ ជូនដល់ប្រជាពលរដ្ឋខ្មែរ។

លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Star Auto Cambodia ឬ Mercedes-Benz Cambodia បានបង្ហាញក្តី សប្បាយរីករាយជាខ្លាំងចំពោះកិច្ចសហការជាមួយព័ត៌មានដ៏ល្បីនៅកម្ពុជាទាំងពីរស្ថាប័ន បង្កើតឡើងនូវកម្មវិធីដ៏ថ្មីសន្លាងនេះឡើង។

បើតាមលោក ចាន់ថា ការបង្កើតកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាគាស់កកាយឡើងវិញនូវតំបន់ទេសចរណ៍និងលក្ខណៈពិសេស នៅតាមបណ្តាខេត្តនានា ដែលប្រជាពលរដ្ឋកម្ពុជាមិនទាន់ដឹង។ នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់រថយន្ត Mercedes-Benz ប្រចាំនៅកម្ពុជា បានបង្ហាញក្តីរំពឹងថា តាមរយៈកម្មវិធីនេះ នឹងជួយលើកកម្ពស់តំបន់ទេសចរណ៍នៅក្នុងស្រុកនីមួយៗឲ្យកាន់តែមានភាព ស្រស់ស្អាត និងទាក់ទាញឡើងវិញ ខណៈតំបន់ខ្លះត្រូវបានគេបោះបង់ចោល។

កម្មវិធីនេះ ក៏ជាការធ្វើយុទ្ធនាការ «ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» ដែលនឹងជួយឲ្យប្រជាពលរដ្ឋមាន ជីវភាពកាន់តែល្អប្រសើរតាមរយៈការផ្តល់សេវាទេសចរណ៍ ហើយក៏ជួយឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សា និងលើកកម្ពស់បរិស្ថាន សោភណភាពនៅតាមតំបន់ទេសចរណ៍នោះផងដែរ។ នេះជាគោលបំណងបន្ថែមទៀតនៃកម្មវិធី បញ្ជាក់ដោយលោក ឃុន ចាន់ថា។

លោក ចាន់ថា បានមើលឃើញថា បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរជាច្រើនស្គាល់តែតំបន់ទេសចរណ៍ល្បីៗដូចជានៅតំបន់ឆ្នេរ និង តំបន់ប្រាសាទក្នុងខេត្តសៀមរាប ហើយខ្លះអាចស្គាល់ដល់ទៅក្រៅប្រទេស តែពួកគេមិនបានស្គាល់តំបន់ទេសចរណ៍ស្រស់ស្អាតជាច្រើន ទៀតរបស់កម្ពុជា ដែលកំពុងកប់តាមដងព្រៃភ្នំនៅឡើយនោះទេ។

ដូច្នេះ ការគាស់កកាយតំបន់ទេសចរណ៍ទាំងនេះ នឹងជួយពង្រីកសក្តានុពលទេសចរណ៍តាមបណ្តាខេត្ត ហើយក៏ជួយលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋតាមវិស័យទេសចរណ៍នៅក្នុងភូមិឋានរបស់គាត់ ចូលរួមកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់លោក ចាន់ថា។

លោក វុត្ថា លោក សុខលីម និង លោក ចាន់ថា សុទ្ធតែមានក្តីរំពឹង និងសុទិដ្ឋិនិយមថា កម្មវិធីមួយនេះនឹងរួមចំណែកក្នុងការកម្ពស់ សក្តានុពលទេសចរណ៍របស់កម្ពុជា ហើយក៏នឹងទទួលបានគាំទ្រសហការយ៉ាងពេញលេញពីមន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរនៅគ្រប់បណ្តាខេត្ត ទាំងអស់ ដែលក្រុមអ្នកព័ត៌មានបានចុះទៅដល់៕