(ភ្នំពេញ)៖ ខណៈការប្រឡងមធ្យមសិក្សាទុតិយភូមិ កាន់តែខិតចូលមកដល់ក្នុងរយៈពេលឆាប់ៗនេះ តែជាង១សប្តាហ៍ទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្រសួងទេសចរណ៍ សូមក្រើនរំលឹកមន្ទីរទេសចរណ៍រាជធានី-ខេត្ត ឲ្យបន្តណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ សូមរក្សាតម្លៃសេវាកម្ម អាជីវកម្មទេសចរណ៍តាមធម្មតា ជៀសវាងការដំឡើងថ្លៃសេវាបន្ថែមក្នុងអំឡុងពេលនៃការប្រលង ដើម្បីរួមចំណែកបង្កលក្ខណៈល្អប្រសើរ សម្រួលដល់ការចំណាយ លើការស្នាក់នៅ ហូបចុករបស់សិស្សានុសិស្ស រួមទាំងក្រុមគ្រួរសារជូនដំណើរ ដែលត្រូវប្តូរទីតាំងប្រឡងមកស្នាក់នៅទីរួមខេត្ត ដើម្បីចូលរួមការប្រឡងនេះ។

គួរកត់សម្គាល់ផងដែរថា ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការរក្សាតម្លៃសេវាកម្ម អាជីវកម្មទេសចរណ៍ ក្នុងរយៈពេលប្រឡងមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ដោយបានចម្លងជូនគ្រប់ភាគីពាក់ព័ន្ធ ពិសេសមន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមន៍ឧស្សាហកម្មទេសចរណ៍ និងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ដើម្បីជួយសហការ និងអនុវត្តតាមខ្លឹមសារខាងលើ ឲ្យបានល្អប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឆ្លៀតឱកាសនេះ ក្រសួងទេសចរណ៍ សូមជូនពរដល់សិស្សានុសិស្សដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ ឲ្យទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងការប្រឡងគ្រប់ៗគ្នា និងឈានទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា៕