(ភ្នំពេញ)៖ ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើង​ទឹក និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារកោះ​ឆ្នេរ នៃកងទ័ពជើងទឹក​ តាងនាមនាយនាវី នាយនាវីរង និងពលនាវិក​បញ្ជាការដ្ឋានការពារកោះ​ឆ្នេរ បានប្រកាសថ្កោលទោស ចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងររបស់បុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ មកលើកងទ័ព និងបានចាត់ទុកថានេះជាទង្វើក្បត់ជាតិ។

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានបង្ហោះសារមានចេតនាញុះញង់ បំបែកបំបាក់ឯកភាពជាតិ បំផ្លិចបំផ្លាញកងទ័ពជាតិ បន្ទាបបន្ថោកតួនាទីរបស់កងយោធពលខេមរភូមិន្ទ និងបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមនារីឯក ស្រ៊ុន សារឿន បានបញ្ជាក់ថា បញ្ជាការដ្ឋានការពារកោះ​ឆ្នេរ នៃកងទ័ពជើងទឹក សូម​ថ្កោលទោសចំពោះ លោក សួន សេរីរដ្ឋា ចាត់ទុកការប្រព្រឹត្ត​របស់លោក សួន សេរីរដ្ឋា ជាទង្វើក្បត់ជាតិ។ បញ្ជាការដ្ឋានការពារកោះឆ្នេរ សូមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលតាមផ្លូវច្បាប់ទៅលើជនក្បត់ជាតិរូបនេះ។

បញ្ជាការដ្ឋានការពារកោះឆ្នេរ សូមគាំទ្រ និងស្ងើចសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីឡាវដោយសន្តិវិធី ការពារគង់វង្សនូវបូរណ​ភាព​ទឹកដី អធិបតេយ្យជាតិដោយគ្មានការបង្ហូរឈាម។

បញ្ជាការដ្ឋានការពារកោះឆ្នេរ សូមប្តេជ្ញាបន្តបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដោយខ្ជាប់ខ្ជួនស្របតាមច្បាប់ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ បង្ក្រាបនូវរាល់បទល្មើស និងទង្វើក្បត់ជាតិ។ ត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល៕