(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ នៅឆមាសទី១ ឆ្នាំ២០១៧នេះ មានទឹកប្រាក់ជិត៣ពាន់លានដុល្លារ កើនឡើង ៩.៨៩ភារយ បើធៀបនឹងរយៈពេលដូចគ្នា​ឆ្នាំ២០១៦។

របាយការណ៍ពាណិជ្ជកម្មកម្ពុជា-ថៃ ដែលទទួលបានពីស្ថានទូតថៃប្រចាំនៅកម្ពុជា បានឲ្យដឹងថា នៅរយៈពេល៦ខែ ឆ្នាំ២០១៧នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានចំនួន ២,៩៣០.០៩លានដុល្លារកើនឡើង៩.៨៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦ដែលមានត្រឹមតែ ២,៦៦៦.៥០លានដុល្លារ។

នៅឆមាសទី១ ឆ្នាំ២០១៧នេះ ប្រទេសកម្ពុជានាំចេញទំនិញ និងផលិតផលទៅប្រទេសថៃ មានចំនួនទឹកប្រាក់ ៤៥៣.៤១លានដុល្លារ ធ្លាក់ចុះ២០.៤០% ខណៈថៃនាំចូលទំនិញ និងផលិតផលមកកម្ពុជា មានទំហំទឹកប្រាក់ ២,៤៧៦.៦៧លានដុល្លារកើនឡើង១៨.១១ភាគរយ។

សូមជម្រាបថា ដើម្បីជំរុញទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ស្ថានទូតថៃនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម Thailand Products Expo 2017 លើកទី២ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានក្រុមហ៊ុនចូលរួមប្រមាន២០០ក្រុមហ៊ុន និងមានស្តង់សរុបចំនួន២៥០ស្តង់។

តំណាងស្ថានទូតថៃ បានបញ្ជាក់ឲ្យដឹងថា គោលបំណងនៃការរៀបចំពិព័រណ៍នេះ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រទំនិញថៃ ឲ្យមានឱកាសបានទិញទំនិញ ពីម្ចាស់រោងចក្រដោយផ្ទាល់ ក្នុងតម្លៃដែលអាចធានាបានថា ថោកជាងតម្លៃនៅលើទីផ្សារ៕