(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសថ្កោលទោសចំពោះបុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានប្រមាថមើលងាយដល់កងទ័ពខ្មែរ ដែលជាទង្វើមួយធ្វើឱ្យកងទ័ពទាំងអស់ មិនអាចទទួលយកបានឡើយ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលបានដឹកនាំកម្លាំងបញ្ជាដ្ឋានអង្គរក្ស ដែលមានភារកិច្ចការពារបូរណភាពទឹកដី កុំឲ្យមានរំលោភបំពានពីប្រទេសជិតខាងនោះ បានសម្តែងការខឹងសម្បារ ហើយថ្កោលទោសដាច់អហង្កាចំពោះសម្តីប្រមាថរបស់ សួន សិរីរដ្ឋា មេបក្សអំណាចខ្មែរ ទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រឹងប្រែងរិះរកគ្រប់យុទ្ធវិធី ដើម្បីរក្សាបាននូវសុខសន្តិភាព បញ្ចៀសភ្លើងសង្រ្គាម និងរក្សាបានមិត្តភាពជាមួយប្រទេសជិតខាង។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ​បានចាត់ទុកថា «ការប្រមាថរបស់បុគ្គល សួន សេរីរដ្ឋា ខាងលើនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស របស់កងយោធពលខេមរភូមិន្ទ ដែលយើងខ្ញុំមិនអាចទទួលយកបានជាដាច់ខាត។ អាស្រ័យហេតុនេះ យើងខ្ញុំទាំងអស់គ្នា សូមឲ្យតុលាការកាត់ទោសជននេះ ឲ្យបានធ្ងន់ធ្ងរជាទីបំផុត សមទៅនឹងទោសក្បត់ ជាតិរបស់វា»

លោកថ្លែងទៀតថា មេបញ្ជាការ បញ្ជាការរង នាយ-ពលទាហានទាំងអស់ បានសម្តែងការកោតសរសើរជាខ្លាំង ចំពោះសមត្ថកិច្ចកម្ពុជា ដែលបាន ចេញចំណាត់ការបន្ទាន់ ក្នុងការចាប់ខ្លួនលោក សួន សេរីរដ្ឋា ហើយបានចាត់ទុកសម្តីរបស់លោក សួន សេរីរដ្ឋា គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះ សម្តេចតេជោ ហ៊ុន សែន និងកងកម្លាំងការពារជាតិ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានចាត់ទុកសម្តីនេះ ជាការបំបែកបំបាក់សាមគ្គីជាតិ ថែមទៀតផង ហើយទាមទារឲ្យតុលាការចាត់វិធានការតាមច្បាប់ឲ្យបានម៉ឹងម៉ាត់បំផុត ដោយគ្មានការលើកលែងណាមួយនោះឡើយ។

ប្រតិកម្មយ៉ាងខ្លាំងក្លារបស់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានធ្វើឡើងបន្ទាប់ពី សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហានេះ ក្រោយបង្ហោះសារប្រមាថដល់កងទ័ពខ្មែរថា ជាទ័ពចោរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។

លោក សួន សេរីរដ្ឋា ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ផងដែរ៕