(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ បានថ្កោលទោសចំពោះបុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជាថា ជាងកងទ័ពចោរ។ ឧត្តមសេនីយ៍ឯក ក៏បានស្នើឱ្យតុលាការ ដាក់ទោសតាមច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត។

ប្រតិកម្មយ៉ាងខ្លាំងក្លារបស់ ឧត្តមសេនីយ៍ឯក ប៊ុន សេង បានធ្វើឡើងបន្ទាប់ពី សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហានេះ ក្រោយបង្ហោះសារប្រមាថដល់កងទ័ពខ្មែរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។

លោក សួន សេរីរដ្ឋា បានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»

ឧត្តមសេនីយ៍ឯក ប៊ុន សេង ចាត់ទុកថា ការប្រមាថរបស់ប្រធានគណបក្សអំណាចខ្មែរនេះ ធ្វើឱ្យកងទ័ពកម្ពុជាទាំងអស់ ក៏ដូចជា បញ្ជាការដ្ឋានយោធភូមិភាគទី៥ មិនអាចទទួលយកបានឡើយ ហើយថាកងទ័ពជើងគោក គាំទ្រទាំងស្រុងចំពោះការចាប់ខ្លួនអ្នកប្រមាថដល់កងទ័ពរូបនេះ៕