(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានចំណាយពេលពេញមួយថ្ងៃ ដោយដើរកាត់ព្រៃ កាត់ទឹក ក្នុងចម្ងាយផ្លូវទៅមកជាង១០គីឡូម៉ែត្រ ដើម្បីចុះទៅពិនិត្យផ្ទាល់នៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ជាកន្លែងដែលកងទ័ពឡាវចូលមកកាន់កាប់។

សូមបញ្ជាក់ថា តំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតនៅស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានកងទ័ពឡាវ ចូលមកកាន់កាប់ដោយរំលោភលើអធិបតេយ្យភាពកម្ពុជា ប៉ុន្តែបន្ទាប់ពីមានការចរចារបស់សម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីឡាវ នៅទីបំផុត កងទ័ពឡាវទាំង៤កង បានត្រឡប់ទៅវិញ​នៅតាមទីតាំងទាំងនោះភ្លាមៗផងដែរ។

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត អមដោយមន្រ្តីយោធាជាន់ខ្ពស់មួយចំនួនទៀត បានធ្វើដំណើរ ពីទីរួមខេត្តស្ទឹងត្រែង ទៅតំបន់ព្រំដែន ក្នុងចម្ងាយផ្លូវប្រមាណ២០០គីឡូម៉ែត្រ។ ពេលអញ្ជើញទៅដល់ភ្លាម លោកឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត និងក្រុមមន្រ្តីយោធាជាន់ខ្ពស់ទាំងនោះ បានធ្វើដំណើរ ដោយថ្មើជើងកាត់ព្រៃ កាត់ទឹក បែកញើសជោគ ក្នុងចម្ងាយផ្លូវទៅមកជាង១០គីឡូម៉ែត្រ ដោយប្រើពេលចាប់តាំងពីវេលាម៉ោង៨ព្រឹក ដល់ម៉ោងប្រមាណ១រសៀល ទើបបានហូបបាយថ្ងៃត្រង់។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចុះទៅពិនិត្យមើលផ្ទាល់នៅទីតាំងទាំងអស់ដែលកងទ័ពឡាវ បានឈរជើងនាពេលកន្លងទៅ និងបានណែនាំដល់កងទ័ពរបស់កម្ពុជា នៅតំបន់នោះ ដែលកំពុងកាន់កាប់ឡើងវិញ ត្រូវពង្រឹងសមត្ថភាពកាន់តែខ្លាំង ដើម្បីការពារដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។​

សូមបញ្ជាក់ថា ចាប់តាំងពីវេលាថ្ងៃត្រង់ រហូតដល់ម៉ោង៤រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ កងទ័ពឡាវចំនួន៤កង បានដកចេញពីទឹកដីកម្ពុជាទាំងស្រុង ដែលការដកទ័ពខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងនាយករដ្ឋមន្រ្តី ឡាវ លោក ថោងលន់ ស៊ីស៊ូលីត ជួបចរចាគ្នា នៅទីក្រុង​វៀងច័ន្ទ។ បន្ទាប់ពីកងទ័ពឡាវ ត្រូវបានដកចេញនោះ កងទ័ពរបស់កម្ពុជា ក៏បានទៅឈរជើងទីតាំងទាំងនោះឡើងវិញ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ដែលកំពុងធ្វើដំណើរ និងធ្វើដំណើរដល់សមរភូមិ​ត្រូវត្រឡប់ចូលបន្ទាយវិញផងដែរ៕