(កំពង់ចាម)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហការជាមួយអង្គការ KCSC នៃសាធារណរដ្ឋកូរ៉េ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួនជិត៣០៣៦នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម នៅពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ដែលសកម្មភាពមនុស្សធម៌នេះ មានការចូលរួមពីសំណាក់ ប្រធានប្រតិបត្តិ ថ្នាក់ដឹកនាំ ក្រុមការងារស្ម័គ្រចិត្តសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ព្រមទាំងសំណាក់អង្គការ ក្រុមហ៊ុន អជ្ញាធរ ស្រុក ខេត្ត យុវជននិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា សកម្មភាពមនុស្សធម៌ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ គឺយើងធ្វើអស់ពីចិត្តដើម្បីបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សំបុរអ្វីឡើយទាំងអស់ ដែលសកម្មភាពនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់លើកម្ពស់សុខមាលភាពប្រជាពលរដ្ឋ។

លោកប្រធានអង្គការ KCSC បានបញ្ជាក់ថា លោកពិតជារីករាយដែលបានចូលរួមធ្វើសកម្មភាពជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ដោយលោកបានមើលឃើញ នូវសកម្មភាពដ៍ល្អរបស់សមាគម ក្នុងរយៈពេល៥ឆ្នាំនេះអង្គការ បានរីករាយពេញចិត្តចូលរួមធ្វើសកម្មភាពមនុស្សធម៌ ជាមួយសមាគមនេះនិងសូមកោតសរសើរចំពោះទង្វើដ៍ល្អប្រពៃរបស់TYDAដែលបានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោក កៅ ប៊ុណ្ណាត អភិបាលនៃគណៈភិបាលស្រុកបាធាយ បានថ្លែងអរគុណ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអង្គការ KCSC នៃសាធារណរដ្ឋកូរ៉េ ដែលចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយគិតថ្លៃនៅស្រុកបាធាយនេះ ដែលនេះគឺជាការយកចិត្តដាក់ការពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលនេះ គឺជាសកម្មភាពមនុស្សធម៌ដ៍មានតំលៃក្នុងការបម្រើប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្រៅពីការយកចិត្តទុកដាក់ចំពោះចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្ត សមាគមបានយកចិត្តដាក់
ទុកដាក់ចំពោះសុខភាពរបស់កម្មករ-កម្មការិនី តាមខ្នងផ្ទះនិងនៅតាមបណ្តារោងចក្រ នៅតាមសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា ដែលមកដល់ពេលនេះ សមាគមបានចុះព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃបានចំនួនជាង២១ម៉ឺនហើយនាក់នៅទូទាំងប្រទេស៕