(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានអះអាងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះថា ក្រសួងការពារជាតិ ចាត់ទុកថា ការលើកឡើងរបស់លោកសួន សេរីរដ្ឋា គឺជាការប្រមាថធ្ងន់ធ្ងរដល់កងយោធពលខេមរភូមិន្ទ ហើយស្នើឱ្យតុលាការចាត់វិធានការតាមច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត។

ប្រតិកម្មយ៉ាងខ្លាំងក្លារបស់ អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងតាមរយៈបណ្តាញព័ត៌មាន Fresh News បន្ទាប់ពី លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហានេះ បន្ទាប់ពីលោកបង្ហោះសារប្រមាថដល់កងទ័ពខ្មែរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។

លោក សួន សេរីរដ្ឋា បានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»

អ្នកនាំពាក្យក្រសួងការពារជាតិ ចាត់ទុកថា អំពើរបស់ លោកសួន សេរីរដ្ឋា ដែលបានលើកឡើងបែបនេះ គឺប្រមាថដល់អ្នកដែលបានពលីជីវិត លះបង់គ្រប់យ៉ាងដើម្បីការពារជាតិ ដែលកងទ័ពទាំងអស់ មិនអាចទទួលយកបានឡើយ។

លោក ឈុំ សុជាតិ បានបន្តទៀតថា កងទ័ពកម្ពុជា សូមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ច និងរាជរដ្ឋាភិបាល ទៅលើជនដែលប្រមាថដល់កងទ័ព ហើយស្នើឱ្យតុលាការ ចាត់ការតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត៕