(ភ្នំពេញ)៖ មេទ័ពខ្លាំង និងល្បីឈ្មោះប្រចាំតំបន់ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ផ្កាយ៣ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ រួមជាមួយមេបញ្ជា នាយទាហាន នាយទាហានរង និងកងពលទាំងអស់របស់កងពល ដែលកំពុងតែរួមគ្នាការពារបូរណភាពទឹកដី កុំឲ្យមានរំលោភបំពានពីប្រទេសជិតខាងនៅតំបន់ព្រំដែនខ្មែរឡាវ បានសម្តែងការខឹងសម្បា ហើយថ្កោលទោសដាច់អហង្កាចំពោះសម្តីប្រមាថរបស់លោក សួន សិរីរដ្ឋា មេបក្សអំណាចខ្មែរ ទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រឹងប្រែងរិះរកគ្រប់យុទ្ធវិធី ដើម្បីរក្សាបាននូវសុខសន្តិភាព បញ្ចៀសភ្លើងសង្រ្គាម និងរក្សាបានមិត្តភាពជាមួយប្រទេសជិតខាង។

លោកឧត្តមសេនីយ៍ផ្កាយ ស្រី ឌឹក ​«បានចាត់ទុកការប្រមាថរបស់បុគ្គល សួន សេរីរដ្ឋា ខាងលើនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ដែលយើងខ្ញុំមិនអាចទទួលយកបានជាដាច់ខាត។ អាស្រ័យហេតុនេះ យើងខ្ញុំទាំងអស់គ្នា សូមឲ្យតុលាការកាត់ទោសជននេះឲ្យបានធ្ងន់ធ្ងរជាទីបំផុត សមទៅនឹងទោសក្បត់ ជាតិរបស់វា»។ 

មេបញ្ជាការ និងទាហានទាំងអស់របស់កងពល បានសម្តែងការកោតសរសើរជាខ្លាំងចំពោះសមត្ថកិច្ចកម្ពុជា ដែលបានចេញចំណាត់ការបន្ទាន់ ក្នុងការចាប់ខ្លួនលោក សួន សេរីរដ្ឋា ហើយបានចាត់ទុកសម្តីរបស់លោក សួន សេរីរដ្ឋា គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះសម្តេចតេជោ ហ៊ុន សែន និងកងកម្លាំងការពារជាតិ។ ជាមួយគ្នានេះ មេបញ្ជាការ និងទាហាន បានចាត់ទុកសម្តីនេះ ជាការបំបែកបំបាក់សាមគ្គីជាតិ ថែមទៀតផង ហើយទាមទារឲ្យតុលាការចាត់វិធានការតាមវិធាន ការច្បាប់ឲ្យបានម៉ឹងម៉ាត់បំផុត ដោយគ្មានការលើកលែងនោះឡើយ។

លោកឧត្តមសេនីយ៍ ស្រី ឌឹក បានបញ្ជាក់ទៀតថា «ខ្លឹមសារនេះមានន័យញុះញង់ អុចអាល បង្កអសន្តិសុខដល់ប្រទេសជាតិ ដែលមិនត្រឹមតែមិនចូលរួម ជួយលើកទឹកចិត្ត ដល់កងទ័ពដែលពលី លះបង់កម្លាំងកាយចិត្តក្នុងការការពារទឹកដីប៉ុណ្ណោះទេ បែជាប្រមាថ មើលងាយដល់កងទ័ពទៅវិញដែលទង្វើនេះ គឺជាការបំបាក់ស្មារតីទាំងស្រុង ដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាកងទ័ពទាំងមូល។ ដូច្នេះ យើងខ្ញុំជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលធំអន្តរាគមន៍ លេខ៣ ស្នើសុំតុលាការផ្តន្ទាទោសជននេះឲ្យធ្ងន់ សក្តិសមនឹងទង្វើ ជេរប្រមាថបង្កអសន្តិសុខដល់ប្រទេសជាតិនេះផង។ យើងខ្ញុំទាំងអស់គ្នា ក៏សូមគាំទ្រដាច់ខាតចំពោះចំណាត់ ការ រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងរងចាំបទបញ្ជាជានិច្ចក្នុងការរក្សាសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់នេះ»

សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននិងវ៉ៃខ្នោះភ្លាមៗ បន្ទាប់ពីលោកបានបង្ហោះសារនៅលើ គេហទំព័រ ជេរប្រមាថម៉ាក់ងាយដល់កូនខ្មែរ និងកងទ័ពជាតិ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ។ ដោយឡែក នៅវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ កំពុងឆែកឆេរផ្ទះរបស់លោក សួន សេរីរដ្ឋា នៅក្នុងបុរីប៉េងហួត ផ្លូវ៥៩៨ ខណ្ឌប្ញស្សីកែវ។ 

ការចាប់ខ្លួនលោក សួន សេរីរដ្ឋា ត្រូវបានធ្វើឡើង បន្ទាប់ពីលោកបានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ប្រមាថដល់កងទ័ពរបស់ខ្មែរដោយ ខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»