(ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចលេខ៧០ ដែលកំពុងតែរួមគ្នាការពារបូរណភាពទឹកដី កុំឲ្យមានរំលោភបំពានពីប្រទេសជិតខាងនៅតំបន់ព្រំដែនខ្មែរឡាវ បានសម្តែងការខឹងសម្បា ហើយថ្កោលទោសដាច់អហង្កាចំពោះសម្តីប្រមាថរបស់លោក សួន សិរីរដ្ឋា មេបក្សអំណាចខ្មែរ ទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រឹងប្រែងរិះរកគ្រប់យុទ្ធវិធី ដើម្បីរក្សាបាននូវសុខសន្តិភាព បញ្ចៀសភ្លើងសង្រ្គាម និងរក្សាបានមិត្តភាពជាមួយប្រទេសជិតខាង។

មេបញ្ជាការ និងទាហានទាំងអស់របស់កងពល បានសម្តែងការកោតសរសើរជាខ្លាំងចំពោះសមត្ថកិច្ចកម្ពុជា ដែលបានចេញចំណាត់ការបន្ទាន់ ក្នុងការចាប់ខ្លួនលោក សួន សេរីរដ្ឋា ហើយបានចាត់ទុកសម្តីរបស់លោក សួន សេរីរដ្ឋា គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះសម្តេចតេជោ ហ៊ុន សែន និងកងកម្លាំងការពារជាតិ។ ជាមួយគ្នានេះ មេបញ្ជាការ និងទាហាន បានចាត់ទុកសម្តីនេះ ជាការបំបែកបំបាក់សាមគ្គីជាតិ ថែមទៀតផង ហើយទាមទារឲ្យតុលាការចាត់វិធានការតាមវិធាន ការច្បាប់ឲ្យបានម៉ឹងម៉ាត់បំផុត ដោយគ្មានការលើកលែងនោះឡើយ។

លោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «យើងខ្ញុំជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហារង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ សូមធ្វើការថ្កោលទោសចំពោះ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានបង្ហោះសារ នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដែលមានខ្លឹមសាថា ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង!។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរ អ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរក្រោយ ចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»

លោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ទៀតថា «ខ្លឹមសារនេះមានន័យញុះញង់ អុជអាល បង្កអសន្តិសុខដល់ប្រទេសជាតិ ដែលមិនត្រឹមតែមិនចូលរួម ជួយលើកទឹកចិត្ត ដល់កងទ័ពដែលពលី លះបង់កម្លាំងកាយចិត្តក្នុងការការពារទឹកដីប៉ុណ្ណោះទេ បែជាប្រមាថ មើលងាយដល់កងទ័ពទៅវិញដែលទង្វើនេះ គឺជាការបំបាក់ស្មារតីទាំងស្រុង ដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាកងទ័ពទាំងមូល។ ដូច្នេះ យើងខ្ញុំជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចលេខ៧០ ស្នើសុំតុលាការផ្តន្ទាទោសជននេះឲ្យធ្ងន់ សក្តិសមនឹងទង្វើ ជេរប្រមាថបង្កអសន្តិសុខដល់ប្រទេសជាតិនេះផង។ យើងខ្ញុំទាំងអស់គ្នាដែលជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចលេខ៧០ ក៏សូមគាំទ្រដាច់ខាតចំពោះចំណាត់ការ រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងរងចាំបទបញ្ជាជានិច្ចក្នុងការរក្សាសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់នេះ»

សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននិងវ៉ៃខ្នោះភ្លាមៗ បន្ទាប់ពីលោកបានបង្ហោះសារនៅលើ គេហទំព័រ ជេរប្រមាថម៉ាក់ងាយដល់កូនខ្មែរ និងកងទ័ពជាតិ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ។

ដោយឡែក នៅវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ កំពុងឆែកឆេរផ្ទះរបស់លោក សួន សេរីរដ្ឋា នៅក្នុងបុរីប៉េងហួត ផ្លូវ៥៩៨ ខណ្ឌប្ញស្សីកែវ។

មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ និងមន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ការចាប់ខ្លួនលោក សួន សេរីរដ្ឋា បានធ្វើឡើងខណៈដែលលោកកំពុងធ្វើដំណើរពីខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ ត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនវ៉ៃខ្នោះហើយ លោក សួន សេរីរដ្ឋា ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានន​គរបាលរាជធានីភ្នំពេញ និងត្រៀមបញ្ជូនទៅកាន់តុលាការ ដើម្បីកាត់ទោសភ្លាមៗតែម្តង។

មន្រ្តីយោធាកំពូលៗរបស់កម្ពុជា ក៏បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងភ្លាមៗថា បងប្អូនកងទ័ពកំពុងមានកំហឹងយ៉ាងខ្លាំងជាមួយលោក សួន សេរីរដ្ឋា, ហើយនៅពេលនេះជាការល្អទៅវិញទេ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗទាន់ពេល បើមិនដូច្នេះបងប្អូនកងទ័ពនឹងមិនអត់អោនឲ្យ ជនប្រមាថជាតិខ្មែរ សួន សេរីរដ្ឋា នោះទេ ប្រាកដជាទៅរករឿងមិនខាន។ លោក សួន សេរីរដ្ឋា ទៅដេកនៅក្នុងគុកប្រសើរជាងនៅខាងក្រៅ ព្រោះបើនៅខាងក្រៅអាច នឹងមានបញ្ហាដល់អាយុជីវិត ដោយសារកំហឹងរបស់បងប្អូនកងទ័ព។

មន្រ្តីយោធាកំពូលៗ បានចេញមកថ្កោលទោស និងទាមទារឲ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់ និងដាក់ទោសឲ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ៕