(ស្ទឹងត្រែង)៖ មេទ័ព និងកងទ័ពកម្ពុជា ដែលកំពុងតែរួមគ្នាការពារបូរណភាពទឹកដី កុំឲ្យមានរំលោភបំពានពីប្រទេសជិតខាងនៅតំបន់ព្រំដែនខ្មែរឡាវ បានសម្តែងការ ខឹងសម្បា ហើយថ្កោលទោសដាច់អហង្កាចំពោះសម្តីប្រមាថរបស់លោក សួន សិរីរដ្ឋា មេបក្សអំណាចខ្មែរ ទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រឹងប្រែងរិះរកគ្រប់យុទ្ធវិធី ដើម្បីរក្សាបាននូវសុខសន្តិភាព បញ្ចៀស ភ្លើងសង្រ្គាម និងរក្សាបានមិត្តភាពជាមួយប្រទេសជិតខាង។

មេទ័ព និងកងទ័ពកម្ពុជា នៅទល់ដែនខ្មែរ-ឡាវ បានសម្តែងការកោតសរសើរជាខ្លាំងចំពោះសមត្ថកិច្ចកម្ពុជា ដែលបានចេញចំណាត់ការបន្ទាន់ ក្នុងការចាប់ខ្លួនលោក សួន សេរីរដ្ឋា។ មេទ័ព និងកងទ័ពនៅទល់ដែនកំពុងប្រឹងប្រែងការពារទឹកដីយ៉ាងអង់អាចក្លាហាននោះ បានចាត់ទុកសម្តីរបស់លោក សួន សេរីរដ្ឋា គឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរចំពោះសម្តេចតេជោ ហ៊ុន សែន និងកងកម្លាំងការពារជាតិ។ មេទ័ពកំពូលៗ និងបងប្អូនកងទ័ព បានចាត់ទុកសម្តីនេះ ជាការបំបែកបំបាក់សាមគ្គីជាតិ ថែមទៀតផង ហើយទាមទារឲ្យតុលាការចាត់វិធានការតាមវិធាន ការច្បាប់ឲ្យបានម៉ឹងម៉ាត់បំផុត ដោយគ្មានការលើកលែងនោះឡើយ។

តាមរយៈញត្តិថ្កោលទោសចំពោះសម្តីលោក សួន សេរីរដ្ឋា របស់មេទ័ព និងកងទ័ពនៅទល់ដែនខ្មែរ-ឡាវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា «សម្តីរបស់ សួន សិរីរដ្ឋា ឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ដែលជាសសរទ្រូងយ៉ាងរឹងមាំក្នុងការការពារខឿន ឯករាជជាតិ និងបូរណភាព ទឹកដី។ លោកចោទថា មេទ័ពចោរ បើអញ្ចឹងកងទ័ពទាំងអស់ជាចោរឬ យើងខ្ញុំសូមប្រាប់ លោកឯងឲ្យដឹងថា ទឹកដីខ្មែរដែលគង់វង្ស មកដល់សព្វថ្ងៃនេះ គឺដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយតេជោសែន និងការលះបង់អាយុជីវិតរបស់កងទ័ព ដែលលោកឯងកំពុងតែចោទថាជាទ័ពចោរ»

មេទ័ព និងកងទ័ពខ្មែរ បានបន្តថា «អ្នកឯងថានេះជាល្បិចរបស់ លោក ហ៊ុន សែន ខ្ញុំសូមសួរថាលោកភ្លើ ឬធ្វើជាភ្លើ បើមើលបញ្ហាប៉ុណ្ណឹងមិនយល់ គួរតែឈប់ធ្វើ ជាប្រធានគណបក្សអំណាចខ្មែរទៀតទៅ តែក៏ពិបាកបន្ទោសលោកដែរ ព្រោះលោកមិនដែលធ្វើធំ មិនធ្លាប់ចូលរួមក្នុងការចចារថ្នាក់អន្តរជាតិបានជាលោកភ្លើ នៅក្នុងការចចារជាមួយឡាវរបស់សម្តេចតេជោ សែន លោកឯងត្រូវយល់ឲ្យបានច្បាស់ពីសភាពការណ៍ពិត ចំពោះឡាវក្រោយការបញ្ជូនទ័ពចូលមកដីខ្មែរ យើងបានធ្វើការតវ៉ាតាមគ្រប់រូបភាពឲ្យគេដកចេញ រហូតដល់មានការបញ្ជូនកម្លាំងទៅដាក់ទល់មុខគ្នា តែទាហានឡាវតែងរកលេសគេចវេស រហូតមានករណី មិនឆ្លើយតបលិខិតរបស់ សម្តេចនាយករដ្ឋមន្ត្រី ជាដើម។ ដូចនេះការដែលសម្តេចដាក់ឱសានវាទ បញ្ជាឲ្យចល័តទ័ពទៅការពារបូរណភាពទឹកដី រួចទៅចចារជាមួយ ឡាវ ព្រោះសម្តេច តេជោ សែន មិនចង់ឲ្យមានសង្គ្រាមជាមួយប្រទេសជិតខាង ហើយត្រូវបានភាគីឡាវទទួលយក»

នៅក្នុងញត្តិនេះកងទ័ព និងមេទ័ពធំៗ បានទាមទារឲ្យតុលាការចាត់វិធានការទៅតាមផ្លូវច្បាប់ និងដាក់ទោសឲ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ។

នៅរសៀលថ្ងៃអាទិត្យ ទី១៣ ខែសីហានេះ លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនវ៉ៃខ្នោះភ្លាមៗ ខណៈរូបលោកកំពុងធ្វើដំណើរពីខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ នៅចំណុចស្ពានព្រែកព្នៅ៕