(កំពត)៖ អតីតតំណាងរាស្រ្តគណបក្សប្រឆាំង លោក វ៉ាន សំអឿន បានចំអកទៅលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិថា កន្លងទៅ បានតាក់តែងគោលនយោបាយ សម្រាប់ការឃោសនាបោះឆ្នោត ឃុំ-សង្កាត់ ប៉ុន្តែការសុទ្ធតែគោលនយោបាយបោកប្រាស់ទាំងអស់ និង​បានអំពាវនាវឲ្យសកម្មជនបក្សប្រឆាំង ត្រូវគិតពិចារណាឡើងវិញ ចំពោះការដឹកនាំបក្សមួយនេះ។

លោក វ៉ាន សំអឿន បានចំអកទៅលើការតាក់តែងនូវគោលនយោបាយបោកប្រាស់មួយចំនួនដូចជា៖
* ការសន្យាផ្តល់លុយ៥០ម៉ឺនដុល្លារ ទៅឃុំ-សង្កាត់
* កាសន្យាឲ្យ ឬចែកលុយជូនចាស់ៗ៤មឺនរៀលក្នុង១ខែ ជូនចាស់ៗ
* សន្យាឲ្យតំណែងដល់ប្រជាពលរដ្ឋ ទាំងនេះជាល្បិចបោកប្រាស់ និងកេងចំណេញនយោបាយរបស់ CNRP។

លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ចើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន១០០នាក់ នៅភូមិថ្មី ឃុំជំពូវន្ត ស្រុកជំគិរី ខេត្តកំពត នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដោយអមដំណើរដោយលោក ម៉ាង ឆៃណាំ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកថ្នាក់កណ្តាលចុះជួយខេត្តកំពត និងមានការចូលរួមពីប្រធានក្រុមប្រឹក្សា ស្រុក អាជ្ញាធរមូលដ្ឋានផងដែរ។

លោក វ៉ាន សំអឿន ដែលបច្ចុប្បន្នមានតួនាទីជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានខិតខំខ្លាំងណាស់ដើម្បីឲ្យប្រទេសជាតិរីកចម្រើនគ្រប់វិស័យ។

ក្នុងកម្មវិធីនោះលោក វ៉ាន សំអឿន បានពាំនាំនូវសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ទៅដល់បងប្អូនថា សម្តេចតេជោ តែងតែគិតគូរដល់បងប្អូនជានិច្ច ហើយសម្តេចតេជោ បានខិតខំណាស់ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើនយ៉ាងខ្លាំងគួឲ្យកត់សម្គាល់គ្រប់ហេដ្ឋារចសម្ព័ន្ធរូបវ័ន្ត មានដូចជា៖ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យជាដើម។ មិនតែប៉ុណ្ណោះ សម្តេចតេជោ បានរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ នៅថ្ងៃទី៧ មករា ១៩៧៩ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែររួចផុតពីរបបនេះ ម្យ៉ាងវិញទៀតសម្តេចតេជោ បានរកសុខសន្តិភាព ដោយបានចរចាបញ្ចប់សង្គ្រាម បាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។ ទាំងនេះហើយជាគុណបំណាច់ដ៏ធំធេងបំផុត របស់សម្តេចតេជោ ចំពោះប្រជាពលរដ្ឋកម្ពុជា។

លោក វ៉ាន សំអឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែមានការជឿជាក់លើសម្តេចតេជោ ដើម្បីដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍ រីកចម្រើនទៅមុខ៕