(សៀមរាប)៖​ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី៣ហើយ នៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ ក្នុងតំបន់១ និងតំបន់២​ នៃរមណីយដ្ឋានអង្គរ ជាលទ្ធផល​កម្លាំងប្រតិបត្តិការ ​បានរុះរើសំណង់ខុសច្បាប់ចំនួន៣០ទីតាំង ក្នុងក្រុង-ស្រុកចំនួន៣ ខណៈដែលលទ្ធផលបានប្រព្រឹត្តទៅល្អប្រសើរ ដោយគ្មានការតវ៉ា ការប្រទូស្ដរាយ និងគ្មានអំពើហិង្សាណាមួយកើតឡើង រវាងកងកម្លាំង និងម្ចាស់ទីតាំងសំណង់ខុសច្បាប់ទាំងនោះទេ។

តាមរបាយការណ៍របស់ លោក ឃឹម ប៊ុនសុង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន​បញ្ជាក់ថា ​«លទ្ធផលសរុបថ្ងៃនេះ បានចំនួន​៣០​សំណង់ រួមមាន​៖ ក្រុងសៀមរាប ៩​សំណង់ ក្នុងនោះស្ម័គ្រចិត្តរុះរើដោយខ្លួនឯង​៦​សំណង់, ស្រុកប្រាសាទបាគង ៨​សំណង់ ដោយស្ម័គ្រចិត្តរុះរើដោយខ្លួនឯង​ទាំងអស់ និង​​ស្រុកបន្ទាយស្រី ១៣​សំណង់ ដោយស្ម័គ្រចិត្តរុះរើដោយខ្លួនឯង​ទាំងអស់»។

បើតាមអភិបាលខេត្តសៀមរាប សម្រាប់ដំណើរការការងារថ្ងៃនេះ គណៈកម្មការបានសម្របសម្រួលបានធ្វើការវាយតម្លៃ និងសន្និដ្ឋានថា ស្ថានភាពទូទៅបានប្រព្រឹត្តទៅល្អប្រសើរ គ្មានការទាមទារ តវ៉ាពីបងប្អូនប្រជាពលរដ្ឋ​ឡើយ​។

ជាមួយគ្នានេះ ក្រុមគណៈកម្មការចម្រុះ នៅតែអំពាវនាវដល់ប្រជាជនសូមឱ្យស្ម័គ្រចិត្ត ក្នុងការរុះរើសំណង់ខុសច្បាប់ និងចូលរួមសហការជាមួយ ក្រុមការងារជាបន្តទៀត ចៀសវាងការខូចខាតទ្រព្យសម្បត្តិ និងផលប្រយោជន៍ របស់បងប្អូនធ្ងន់ធ្ងរ។

ការអនុវត្តតាមច្បាប់នេះ គឺដើម្បីរួមគ្នាការពាររមណីយដ្ឋានអង្គរ ឱ្យមានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិសាស្ត្រ ដែលជាមរតកជាតិ ដ៏សំខាន់សម្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់ឱ្យស្ថិតស្ថេរចីរកាល៕