(ភ្នំពេញ)៖ ក្តីព្រួយបារម្ភរបស់ប្រជាជាតិ និងប្រជាជនកម្ពុជាចំពោះមុខនៃការរំលោភរបស់បរទេស និងការឡើងកម្តៅផ្នែកយោធារយៈពេល២ថ្ងៃចុងក្រោយ រវាងកម្ពុជានិងឡាវ ក្រោយពីកម្ពុជាដាក់ឱសានវាទដល់ឡាវ បានរសាយទៅវិញ ជាមួយនឹងអបអរសាទរយ៉ាងខ្លាំងចំពោះដំណោះស្រាយឈ្នះ-ឈ្នះ បញ្ជៀសផុតពីប្រឈមមុខយោធាស្រួចស្រាលដាក់គ្នាជាយថាហេតុ នៅតាមព្រំដែនដោយភាគីឡាវបានសម្រេចដកកម្លាំងទ័ពទាំងអស់ចេញ ពីទឹកដីកម្ពុជាក្នុងខេត្តស្ទឹងត្រែង ដែលពួកគេបានមកបោះទីតាំងចាប់តាំងពីខែមេសា ឆ្នាំ២០១៧។

ភាពជោគជ័យដ៏ត្រចះត្រចង់របស់ប្រជាជាតិខ្មែរនាពេលនេះ កើតចេញពីភាពឈ្លាសវៃ និងទេពកោសល្យក្នុងការដឹកនាំចរចារបស់សម្តេចតេជោ ហ៊ុន សែន ជាមួយលោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះនៅទីក្រុងវៀងច័ន្ទ។ បន្ទាប់ពីបានជួបពិភាក្សាការងារទ្វេភាគីពិសេស ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានប្រកាសព័ត៌មានរួមគ្នានូវលទ្ធផលគួរជាទីមោទនៈ គឺភាគីឡាវ បានយល់ព្រមដក ទ័ពចេញឱ្យផុតពីទឹកដីកម្ពុជាទៅត្រើយម្ខាងនៃទន្លេសេកុង ឱ្យអស់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ចំណែកកម្លាំងកងទ័ពកម្ពុជាដែលកំពុងចល័តទៅតំបន់ សមរភូមិនោះ ក៏ត្រូវត្រឡប់ចូលអង្គភាពដើមវិញឱ្យអស់ដែរ។

លទ្ធផលផ្លែផ្កានៃជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលនេះ បានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងនាមជាប្រទេសភូមិ ផងរបងជាមួយគ្នា ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសទាំងពីរ។ ភាពជោគជ័យនៃការចរចា ការដកទ័ពរបស់ឡាវពី ទឹកដីកម្ពុជាមួយផ្នែកដោយសារតែការរួបរួមសាមគ្គីជាធ្លុងមួយរបស់ប្រជាជនកម្ពុជាជ្រោងទង់ជាតិខ្មែរជុំវិញរាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ និងសេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។

មតិខ្លះលើកឡើងថា បើឡាវបានលើកទ័ពមកឈ្លានពានខ្មែរទៅហើយ ចាំបាច់អ្វីនឹងត្រូវទៅចរចាជាមួយឡាវដល់ផ្ទះ? កម្ពុជាមិនរណបឡាវឡើយ ប៉ុន្តែគឺជាសមភាគីស្មើភាព និងស្មើសិទ្ធិ ហើយកាលដែលសម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តធ្វើដំណើរទៅចរចាផ្ទាល់នៅឡាវដោយសារតែជាប្រទេស មិត្តភក្តិភូមិផងរបងជាមួយគ្នា ហើយម្យ៉ាងទៀត កាយវិការនេះគឺជាការបញ្ជាក់ពីភាពចាស់ទុំរបស់មេដឹកនាំកម្ពុជា ដែលស្រឡាញ់សន្តិភាព ការពារសន្តិភាពជា ជាងបង្កសង្គ្រាម។ សម្តេចតេជោពិតជាបានឈ្វេងយល់គ្រប់ជ្រុងជ្រោយលើបញ្ហាបូរណភាពទឹកដី ការតស៊ូផ្នែកផ្លូវយោធា និងការថែរក្សាសន្តិភាពរបស់ប្រទេស និងសន្តិសុខ ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់អាស៊ានដែលប្រទេសទាំងពីរជាសមាជិកផងដែរ។

បទពិសោធរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៤០ឆ្នាំចុងក្រោយនេះ ដែលចាប់ផ្តើមចេញពីការដឹកនាំសង្គ្រោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហមប្រល័យ ពូជសាសន៍ ជាអ្នកចរចាដែលមានដៃគូចរចាច្រើន និងមានអាយុច្រើនជាងខ្លួនដើម្បីសម្រេចបានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជាស្ថាបនិកនយោបាយឈ្នះ-ឈ្នះរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមនាំយកសន្តិភាព ការឯកភាពជាតិ និងឯកភាពទឹកដី ការយកជ័យជម្នះក្នុង សង្គ្រាមប្រឆាំងការឈ្លានពានរបស់រដ្ឋាភិបាលថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រី អាភីស៊ីត វិចាជីវ៉ា នៅតំបន់ប្រាសាទព្រះវិហារក្នុងខេត្តព្រះវិហារ និងតំបន់ប្រាសាទតាមាន់ក្នុងខេត្តឧត្តរមានជ័យ ការដឹកនាំអភិវឌ្ឍប្រទេសចេញពីភាពក្រីក្រមករកការរីកចម្រើន និងកំណើនសេដ្ឋកិច្ចរាល់ឆ្នាំ គឺបានបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាពពិត និងជាមេដឹកនាំប្រកបដោយទេពកោសល្យ និងសិល្បៈដឹកនាំដ៏ប៉ិនប្រសព្វតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំដែលសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងអនុវត្ត និងបន្តអនុវត្តតទៅមុខទៀតដើម្បីសុខសន្តិភាព និងការអភិវឌ្ឍរបស់ជាតិមាតុភូមិ។

បទពិសោធដែលពិភពលោកទាំងមូលមាន ហើយកម្ពុជាខ្លួនឯងក៏បានឆ្លងកាត់ សង្គ្រាមមិនបាននាំមកនូវការអភិវឌ្ឍឡើយ ប៉ុន្តែជាសោកនាដកម្មដ៏ខ្លោចផ្សាបំផុត ប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញ ប្រជាពលរដ្ឋរស់នៅក្នុងឈាម និងទឹកភ្នែក។ ម្យ៉ាងទៀតសង្គ្រាមមិនអាចបញ្ចប់ដោយចុងកាណុងឡើយ ប៉ុន្តែជានិច្ចកាល បញ្ចប់ដោយការចរចា។ ហេតុដូច្នេះហើយបានជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចយកផ្លូវចរចា មុននឹងមានវិធានផ្សេងទៀតជាមួយភាគីឡាវ។ មានសន្តិភាព យើងអាចការពារបាននូវកិត្តិយសជាតិ និងបូរណភាពដែនដីរបស់កម្ពុជាដូចដែលកម្ពុជាធ្វើជាមួយប្រទេសជិតខាងរបស់ខ្លួន។

កម្ពុជាបានដើរមកដល់ពេលនេះមានទាំងសន្តិភាព ការអភិវឌ្ឍ និងកិត្តិយស មោទនភាពជាតិគឺកើតចេញពីការលះបង់សាច់ស្រស់ឈាមស្រស់របស់យុទ្ធជនខ្មែរ ហើយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រទេសដែលធ្លាប់តែគេស្គាល់ថាជា វាលពិឃាត បានល្បីរន្ទឺនៅលើពិភពលោកជាមួយរូបភាពថ្មីសន្តិភាព និងការអភិវឌ្ឍ មនុស្សធម៌ ទេសចរណ៍។ ពេលនេះជាមួយដំណោះស្រាយការទូតដ៏វៃឆ្លាត របស់មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយមេដឹកនាំឡាវបានមកនូវជ័យជម្នះសម្រាប់ជាតិទាំថមូល។ ដូច្នេះយើងត្រូវបន្តនូវវប្បធម៌សាមគ្គី និង រួបរួមគ្នាជ្រោងទង់ជាតិខ្មែរជុំវិញសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គរដ្ឋបុរសសន្តិភាពកម្ពុជា និងកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហានគ្រប់កាលៈទេសៈ ទាំងអស់ដើម្បីភាពខ្លាំងរបស់កម្ពុជា និងការពារបូរណភាពដែនដីកម្ពុជាឱ្យបានគង់វង្សជានិច្ចនិរន្តរ៍៕

ដោយ៖ ចៅចាក់ស្មុក