(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសអំពីលទ្ធផលផ្លូវការនៃការចរចារវាង សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រលប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ។

សេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា លទ្ធផលផ្លូវការនៃការចរចារវាង សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ បានព្រមព្រៀងគ្នាចំនួន៤ចំណុចដូចក្នុងសេចក្តីប្រកាសខាងក្រោម៖

១៖ កងទ័ពឡាវដែលនៅសេសសល់ នឹងដកចេញឱ្យអស់ពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង យ៉ាងយូរត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ។

២៖ កងកម្លាំងកម្ពុជា ដែលបានចល័តទៅកាន់តំបន់មានទំនាស់ និងកំពុងប្រុងជើងការ ត្រូវបានបញ្ជាឱ្យចូលបន្ទាយវិញរៀងៗខ្លួន។

៣៖ នាយករដ្ឋមន្រ្តីទាំងពីរ បានណែនាំឱ្យក្រសួងការបរទេស និងគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ បន្តធ្វើការងារជាមួយគ្នាឱ្យសកម្មបន្តទៀត ដើម្បីដោះស្រាយឱ្យរួចរាល់នូវខ្សែព្រំដែន១៤ភាគរយ ទៀតដែលនៅសេសសល់។ ក្នុងនាមជាអ្នកជិតខាងជាមិត្ត និងជាបងប្អូន នាយករដ្ឋមន្រ្តីទាំងពីរ បានប្តេជ្ញាថា នឹងខិតខំបន្តដោះស្រាយរាល់បញ្ហាជាមួយគ្នា ដោយការចរចា ការយោគយល់ និងដោយមិត្តភាព ដើម្បីកុំឱ្យឧប្បត្តិហេតុបែបនេះ កើតឡើងជាថ្មីម្តងទៀតជាដាច់ខាត រវាងប្រទេស និងប្រជាជនទាំងពីរ។

៤៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចូលរួមសម្តែងការគួរសមចំពោះ លោក ប៊ុញ៉ាំង វរជិត ប្រធានរដ្ឋឡាវ និងបានទទួលអាហារថ្ងៃត្រង់យ៉ាងស្និទ្ធស្នាល ដែលរៀបចំឡើយដោយ លោក ថោងលន់ ស៊ីស៊ូលីត ផងដែរ។