(កំពង់ចាម)៖ ក្រោយភ្លើងឆេះផ្ទះប្រជាពលរដ្ឋ មួយខ្នងទាំងស្រុង នៅឃុំគោករវាង ស្រុកជើងព្រៃ ខេត្ដកំពង់ចាម លោកម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ និងលោកស្រី អ៊ុក ម៉ាលី ជាអនុប្រធានក្រុមការងារ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណបក្សចុះសួរសុខទុក្ខ និងផ្ដល់អំណោយ ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះភ្លាមៗ។

លោកស្រី អ៊ុក ម៉ាលី បានថ្លែងថា «សូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះភ្លើងឆេះផ្ទះនេះ និងខ្យល់កន្ត្រាក់​ ខ្យល់ព្យុះជាដើម ព្រោះវាអាចនឹងឆក់យកជីវិតមនុស្សដោយមិនដឹងខ្លួនផងដែរ តែនេះសំណាងណាស់ ដែលមានការជួយអន្ដរាគមន៍ ឡានទឹក និងការជួយពីអ្នកជិតខាង មានអីនឹងឆាបឆេះឆ្លងទៅផ្ទះអ្នកក្បែរខាងយើងហើយ ហើយក៏គ្មានបណ្ដាលនរណាម្នាក់រងរបួសដែរ។ សម្រាប់នៅថ្ងៃនេះ ក្រុមការងារ ចុះជួយស្រុកជើងព្រៃ របស់យើង ក៏បាននាំយកសម្ភារៈគ្រឿងឧបភោគ បរិភោគ មួយចំនួន ជាមួយនិងថវិកាមួយចំនួន សម្រាប់ដោះស្រាយ នៅការខ្វះខាតមួយរយៈ ដែរ ហើយក្រុមការងារយើង នឹងបន្ដជួយបន្ថែមទៀត»

ទន្ទឹមនឹងពេលនោះ បុរសវ័យចំណាស់ អាយុ៧០ឆ្នាំ លោក ឌូ ឌឿន ដែលជាជនរងគ្រោះដោយសារភ្លើងឆេះផ្ទះនោះ បានឲ្យដឹងថា អគ្គីភ័យឆេះផ្ទះគាត់នេះ នៅវេលាម៉ោង១០៖២០នាទីព្រឹក ដោយសារឆ្លងចរន្ដអគ្គិសនី ដែលធ្វើឲ្យគាត់ និងកូន ចៅគាត់ ចំនួន៧នាក់ គ្មា​នជម្រក សម្រាប់ស្នាក់នៅនោះទេ អ្វីក៏ឆេះអស់ដែរ ថែមទាំងឥវ៉ាន់ និងថវិកាគេផ្ញើរផងដែរ គឺឆេះទាំងអស់ តែមិនមានអ្នកណាម្នាក់រងរបួសនោះទេ ព្រោះពេលនោះ លោក និងកូនចៅបានចេញទៅប្រកបមុខរកស៊ីអស់ហើយ ដែលផ្ទះថ្មក្រោម ឈើលើ ទំហំ៩.៥០ម៉ែត្រ គុណ៩.៥០ម៉ែត្រ ។

បុរសចំណាស់រូបនេះ បន្ដថា «ខ្ញុំនឹងកូនចៅទាំងអស់ ពិតជាមានសេចក្តីរំភើបយ៉ាងខ្លាំង ដែលពេលមានអាសន្ន មានប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ លោកម៉ាឈឿន និងលោកស្រី អ៊ុក ម៉ាលី និងមន្ដ្រីក្រុមការងារក្រោមឱវាទលោកទាំងពីរ បានជួយឧបត្ថម្ភ ជាបន្ដបន្ទាប់ ទាំងថវិកា និងស្បៀងអាហារផងដែរ ខ្ញុំពិតជាថ្លែងអំណរគុណណាស់ សម្រាប់ទឹកចិត្ដ មិនអាចកាត់ថ្លៃបាននេះ»

គួរម្លឹកថា ផ្ទះរបស់បុរសវ័យចំណាស់ អាយុ៧០ឆ្នាំ លោក ឌូ ឌឿន នេះ បានឆេះកាលពីថ្ងៃទី០៩ ខែសីហា​ ដោយសារឆ្លងចរន្ដអគ្គិសនី ដោយគ្រាន់តែឆេះភ្លាម ក្រុមការងារថ្នាក់កណ្ដាលស្រុកជើងព្រៃ ​បានចាត់មន្ដ្រីរបស់ខ្លួន មកជួយអន្ដរាគមន៍ និងផ្ដល់អំណោយភ្លាមៗ ហើយនៅថ្ងៃទី១២សីហានេះ ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានចុះមកសួរសុខទុក្ខ និងផ្ដល់អំណោយបន្ថែមទៀត ដល់ពួកគាត់ផងដែរ៕