(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានបញ្ចេញប្រតិកម្មធ្ងន់ៗថា ក្រោយការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ តាមជាក់ស្ដែងរដ្ឋបាលសាលាខណ្ឌឫស្សីកែវ បង្កើតបានរដ្ឋបាលសាលាសង្កាត់ចំនួន៧ ក្នុងនោះចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ «CNRP» មានរហូតដល់ទៅ៥សង្កាត់ ក្រៅពីនោះ សុទ្ធតែជាចៅសង្កាត់រង និងចៅសង្កាត់របស់គណបក្សប្រជាជនកម្ពុជា «CPP» មានតែ២សង្កាត់ប៉ុណ្ណោះ ដែលបានមកពីការផ្ដល់សេចក្ដីទុកចិត្ត ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

លោក ជា ពិសី បានបញ្ជាក់ថា អ្វីដែលគួរជាទីចាប់អារម្មណ៍នោះ គឺចៅសង្កាត់ទាំង៥ របស់គណបក្សប្រឆាំង ជាក់ស្ដែង មិនដែលឃើញមានការចូលរួមសហការជ្រោមជ្រែង បង្កើតបានជាស្នាដៃ ឬជាសមទ្ធិផលអ្វីមួយឡើយ «ពោលគឺគ្មានធ្វើអ្វីបានទាំងអស់» សម្រាប់បម្រើឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឡើយ។ តែផ្ទុយទៅវិញ ចៅសង្កាត់រងទាំង៥ និងចៅសង្កាត់ទាំង២ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន បានចំណាយទាំងពេលវេលាដ៍មានតម្លៃ មិនថាយប់ថ្ងៃ ចូលរួមគ្រប់កាលៈទេសៈ និងសម្រេចបាននូវផ្លែផ្កាយ៉ាងច្រើន ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលមិនអាចគណនាបាន ដូចជា ការរក្សាសន្តិសុខ សុវត្ថិភាព ការផ្ដល់លើផ្នែសាវាសាធារណៈផ្សេងៗ មានជាសៀវភៅស្នាក់នៅ អត្តសញ្ញាណ្ណប័ណ្ណ សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ ជាដើម ដោយមិនចំណាយថវិកា។

ការបញ្ចេញប្រតិកម្មធ្ងន់ៗបែបនេះត្រូវបានលោក ជា ពិសី លើកឡើង នៅពេលដឹកនាំមន្ត្រី ដែលពាក់ព័ន្ធមួយចំនួន ចុះសួរសុខទុក្ខសំណេះសំណាល និងនាំយកសៀវភៅគ្រួសារជិត១០០ប័ណ្ណ ក្រោយបំពេញបែបបទរួចរាល់ជាស្ថាពរ ដើម្បីទៅធ្វើការចែកជូនប្រជាពលរដ្ឋជិត១០០គ្រួសារ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងបុរីប៉េងហួត ស្ថិតក្នុងភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដោយមានការរួមដំណើរពីអភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ និងលោកស្រី លី រ៉ូហ្សាមី អធិការ អធិការរង នាយផ្នែក នាយប៉ុស្ដិ៍ និងមន្ត្រីនគរបាលប៉ុស្ដិ៍-ខណ្ឌមួយចំនួន ចៅសង្កាត់រងទួលសង្កែទី២ លោក អ៊ុក ខេមា រួមនិងមន្ត្រីក្រោមឱវាតសាលាខណ្ឌ-សង្កាត់ មេភូមិ អនុភូមិ ជាច្រើននាក់ទៀតផងដែរ។

ក្នុងសកម្មភាពផ្ដល់សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ ជិត១០០គ្រួសារខាងលើនេះ លោក ជា ពិសី បានថ្លែងថា អ្វីដែលជាបញ្ហា ឫទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ប្រាកដជាមានមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ចូលរួមដោះស្រាយជូនជាក់ជាមិនខាន ដោយពុំដែលឃើញវត្តមានមន្ត្រីមកពីគណបក្សប្រឆាំង ចូលរួមដោះស្រាយជូនប្រជាពលរដ្ឋឡើយ ពិសេសបើសម្ដេចតេជោខ្លាំង អភិបាលរាជធានីភ្នំពេញខ្លាំង អភិបាលខណ្ឌខ្លាំង ចៅសង្កាត់ខ្លាំង តែបែជាបងប្អូនប្រជាពលរដ្ឋមិនចូលរួម មិនសហការ ក៍មិនអាចខ្លាំងបានដែរ «ពោលគឺទាមទាឲ្យប្រជាពលរដ្ឋចូលរួមសហការគ្រប់កាលៈទេសៈ» ទើបយើងខ្លាំងបានទាំងអស់គ្នា។

លោក ជា ពិសី បានថ្លែងទៀតថា ជាការពិតណាស់ រយះពេលប៉ុន្មានថ្ងៃនេះ លោក ប្រាជ្ញ សីហា ជាអភិបាលរងទទួលបន្ទុកសណ្ដាប់ធ្នាប់សាធារណៈ
បានបន្តប្រតិបត្តិការចាប់រថយន្ដដឹកដីជិត១០គ្រឿង និងប្រកាសបិទទាំងទីតាំងអាជីវកម្មបម្រើសេវាអ៉ីនធឺណែត ដែលមានលួចលាក់កត់កន្ទុយលេខ"ឆ «ឆ្នោតវៀតណាម» និងមានបង្កប់ការភ្នាល់ចាក់បាល់តាមប្រព័ន្ធ «ONLiNE» ជាដើម ក្រោយទទួលបានផែនការណែនាំពីលោក ឃួង ស្រេង ដើម្បីឲ្យអាជ្ញាធរ ដែលជាប្រធានគណៈបញ្ជាការឯកភាពតាមបណ្ដាខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ ដាច់ខាតធ្វើយ៉ាងណា ត្រូវខិតខំប្រឹងប្រែងអនុវត្តនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ដោយសង្កត់ធ្ងន់លើករណីល្បែងស៉ីសងគ្រប់ប្រភេទ ពិសេស គឺដើម្បីសំដៅដោះស្រាយបញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ៕