(ភ្នំពេញ)៖ លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី ចាប់ពីថ្ងៃទី៧-១១ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមនិសិ្សត អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររបស់លោកចំនួន៥៣នាក់ បញ្ជូនទៅសិក្សា នៅខេត្តអានហួយ ប្រទេសចិន ក្រោយមានការចរចា និងពិភាក្សាគ្នាជាបន្តបន្ទាប់នាពេលកន្លងមក។

ក្រុមនិសិ្សតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររបស់លោក ស សុខា ចំនួន៥៣នាក់ខាងលើនេះ មកពីខេត្តចំនួន៣រួមមាន៖ បាត់ដំបង, បន្ទាយមានជ័យ និងព្រៃវែង ដែលត្រូវទៅបន្តការសិក្សា នៅខេត្តអានហួយ ប្រទេសចិននោះមាន២ផ្នែក ទី១៖ ផ្នែកវិស្វករ និងទី២៖ ផ្នែកគ្រប់គ្រងរដ្ឋបាល ដោយផ្ដើមចាប់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។

ក្នុងនោះផងដែរលោក ស សុខា ក៏បានទទួចស្នើសុំ ទៅដល់ក្រុមនិសិ្សតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទាំង៥៣នាក់ ត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះ
វិជ្ជាទាំងអស់នោះ មកអភិវឌ្ឍនៅក្នុងប្រទេស​ និងជាពិសេសដើម្បីអនាគតរបស់ខ្លួន និងកិត្តិយសក្រុមគ្រួសារ។

សូមជម្រាបថា ក្រុមនិសិ្សត ទាំង៥៣នាក់ខាងលើនេះ មានការឧបត្ថម្ភពី លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកស្រី, សមាគមន៍ចិន «អានហួយ» ប្រចាំកម្ពុជា និងសមាគមន៍ចិន «អានហួយ» នៅប្រទេសចិន៕