(បាត់ដំបង)៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ បច្ចុប្បន្ននេះកសិករនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានកំពុងនាំគ្នាសម្រុកប្រមូលផលស្រូវសែនក្រអូប ដើម្បីដាក់លក់ឲ្យម្ចាស់រោងម៉ាស៉ីនកិនស្រូវ។

លោកបន្តថា ដោយសារស្ថានភាពអាកាសធាតុល្អ គ្មានភ្លៀងធ្លាក់ ហើយកសិករត្រូវប្រញាប់ប្រញាលរៀបចំដីធ្វើស្រែចំការទៀតនោះ ទើបកសិករដែលដាំដុះស្រូវសែនក្រអូប នាំគ្នាសម្រុកប្រមូលផលស្រូវ និងលក់តាមរោងម៉ាស៉ីន ដើម្បីទទួលបានតម្លៃល្អ នៅដើមរដូវប្រមូលផលនេះ។

លោក កៅ ថាច បញ្ជាក់ទៀតថា ស្ថានភាពតម្លៃស្រូវសែនក្រអូបនៅពេលនេះ គឺល្អ មិនដូចឆ្នាំមុនឡើយ ពោលតម្លៃពី៧.៨បាត ទៅ៨បាត ឬពី៩៨០រៀលទៅ ១០០០រៀលក្នុងមួយគីឡូក្រាម។

ចំពោះកញ្ចប់ថវិកាពិសេស៥០លានដុល្លារ ដែលរាជរដ្ឋាភិបាលទម្លាក់ សម្រាប់ឲ្យម្ចាស់រោងម៉ាស៉ីនកិនស្រូវ ខ្ចីយកទៅទិញស្រូវប្រជាកសិករនោះ អគ្គនាយករូបនេះ បានបញ្ជាក់ថា មិនទាន់រោងម៉ាស៉ីនកិនស្រូវខ្ចីនៅឡើយទេ ដោយពួកគេកំពុងប្រើប្រាស់ទុនរបស់ខ្លួនសិន ប៉ុន្តែមានរោងម៉ាស៉ីនមួយចំនួន បានបង្ហាញពីផែនការចង់បានកម្ចីថវិកានេះ។

លោកបញ្ជាក់ទៀតថា នៅចុងខែសីហានេះ ឃ្លាំងស្តុកស្រូវ ដែលមានសមត្ថភាព ស្តុកបាន២០ម៉ឺនតោន និងឡសម្ងួតស្រូវ របស់ធនាគារស្រូវ អាចសម្ងួតបាន៣០០០តោនក្នុងមួយថ្ងៃ នៅខេត្តបាត់ដំបង នឹងសាងសង់រួចរាល់ ដែលនឹងជួយរំលែកបានមួយបញ្ហាមួយចំនួនធំ អំពីការខ្វះខាត់ឃ្លាំងស្តុក និងឡសម្ងួត។

ជាមួយគ្នានេះ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា រោងម៉ាស៉ីនកិនស្រូវរបស់លោក បាននិងកំពុងទិញស្រូវសែនក្រអូប ពីជាង១០០តោន ដល់២០០តោនក្នុងមួយថ្ងៃ ពីកសិករនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ។

លោកថា នៅសប្តាហ៍ក្រោយនេះ កសិករនឹងសម្រុកប្រមូលផល ស្រូវសែនក្រអូបកាន់តែច្រើន ហើយក្រុមហ៊ុនលោកគ្រោងនឹងទិញ ពី៣០០តោន​ទៅ៤០០តោនក្នុងមួយថ្ងៃ ដើម្បីសម្រេចឲ្យបានគោលដៅ ១ម៉ឺនតោននៅរដូវកាលប្រមូលផលឆ្នាំនេះ។

លោកឧកញ៉ាបន្តថា បច្ចុប្បន្ននេះតម្លៃស្រូវសែនក្រអូប ជាទូទៅថ្លៃ ពី៩៨០រៀល ដល់១០០០រៀលក្នុងមួយគីឡូក្រោម ដែលជាតម្លៃល្អមួយសម្រាប់កសិករ។ ប៉ុន្តែនៅពេលមុខ ពេលដែលកសិករសម្រុកប្រមូលផល ស្រូវកាត់តែច្រើន ហើយប្រទេសថៃចាប់ផ្តើមប្រមូលផលនេះដែរនោះ តម្លៃស្រូវសែនក្រអូបអាចនឹងមានការប្រែប្រួល ហើយក្រុមអ្នកនាំចេញក៏មានផែនការប្រជុំ ដើម្បីពិភាក្សាតម្លៃស្រូវសែនក្រអូបដែរ ដើម្បីអាចនាំចេញបាន ពិសេសនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

លោកឧកញ៉ា សុង សារ៉ន បញ្ជាក់ថា «យើងមិនចង់ឃើញពីបញ្ហាស្រូវសែនក្រអូបដោយឆ្នាំមុនឡើយ។ ឆ្នាំមុនដោយសារយើងបាត់បង់ទីផ្សារចិន ទើបបណ្តាលឲ្យស្រូវសែនក្រអូបធ្លាក់ថ្លៃ ប៉ុន្តែឆ្នាំនេះកូតានាំចេញអង្ករទៅទីផ្សារចិន នៅសល់ជាង១០ម៉ឺនតោនទៀត ដូច្នេះសង្ឃឹមថា យើងនឹងអាចប្រកួតប្រជែងឈ្នះប្រទេសថៃ»។

សូមជម្រាបថា ដើមសប្តាហ៍ក្រោយនេះ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីអំពី «យន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាល នៅក្នុងការប្រមូលទិញស្រូវ» ដើម្បីធ្វើការផ្សព្វផ្សាយជូនសាធារណៈ បានស្វែងយល់ និងបានជ្រាបកាន់តែច្បាស់ អំពីយន្តការនៃអន្តរាគមន៍របស់ រាជរដ្ឋាភិបាល នៅក្នុងការប្រមូលទិញស្រូវ ដើម្បីជួយលើកស្ទួយថ្លៃស្រូវ របស់ប្រជាកសិករ ខណៈដែលរដូវប្រមូលផលស្រូវសម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ នឹងចូលមកដល់ជាបណ្តើរៗចាប់ពីខែសីហានេះ៕