(បាត់ដំបង)៖ ថ្នាក់ដឹកនាំគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា នៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងចែកអំណោយជូនជនក្រីក្រ៣៣គ្រួសារ ព្រមទាំងបានធ្វើផ្ទះដូរពីដំបូលស្បូវទៅប្រក់សង្កសី២ខ្នង និងប្រជុំសំណេះសំណាលជាមួយសកម្មជនបក្ស នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅទីស្នាក់ការបក្សឃុំភ្នំសំពៅ ស្រុកបាណន់។

លោក ហែម ថេង ប្រធានក្រុមការងារ CPP ចុះជួយឃុំភ្នំសំពៅបានឲ្យដឹងថា ការចុះជួយប្រជាពលរដ្ឋជួបការលំបាក គឺជាវប្បធម៌ដ៏ល្អមួយរបស់ CPP យើងបានធ្វើរហូតកន្លងមក មិនដែលខានឡើយ ជាក់ស្តែងថ្ងៃនេះ ក្រុមការងារយើងបានចុះមកសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន៣៣គ្រួសារ នៅក្នុងបរិវេណវត្តភ្នំសំពៅ ដោយបាននាំអំណោយមកចែកជូនក្នុង១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម ទឹកត្រី ទឹកស៊ីវអ៊ីវ២យួរ ត្រីខកំប៉ុង២យួរ មីម៉ាម៉ា២កេសតូច សារ៉ុងថៃ១ ក្រម៉ាថៃ១ កន្ទេលនីឡុងថៃ១ មុងនីឡុងថៃ១ ភួយថៃ១ និង ថវិកា៥ម៉ឺនរៀលសរុបគិតជាទឹកប្រាក់ ២៥៧.៥០០ រៀលក្នុង១គ្រួសារ។

នាឱកាសនោះដែរក្រុមការងារ បានបន្តចុះទៅជួយធ្វើផ្ទះជូនប្រជាពលរដ្ឋក្រីក្រ២គ្រួសារ ដោយប្តូរពីដំបូលស្បូវទៅជាប្រក់សង្កសីវិញ។ បន្ទាប់ពីប្រជាពលរដ្ឋដែល បានទទួលអំណោយរបស់ក្រុមការងារយើងហើយ ពួកគាត់បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ក្នុងឃុំភ្នំសំពៅ ដែលតែងតែយលចិត្តទុកដាក់ដឹង ពីសុខទុក្ខនិងជួយកសាងសមិទ្ធិផលជាច្រើនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមក ជាក់ស្តែងថ្ងៃនេះ ក្រុមការងារក៏នាំអំណោយយកមកចែកជូនដល់ពួកយើងខ្ញុំថែមទៀត។

បន្ទាប់មកក្រុមការងារបានជួបសណេះសំណាលជាមួយសកម្មជនបក្សឃុំដើម្បីត្រួតពិនិត្យលទ្ធផលការងារបក្សកន្លងមកនិងលើកទិសដៅការងារបក្សដែលត្រូវអនុវត្តបន្ត។ ព្រមទាំងបានដោះស្រាយពីសំណូមពររបស់ប្រជាពលរដ្ឋនៅសេសសល់កន្លងមក ដោយបាននិងកំពុងកសាងសមិទ្ធិផលមួយចំនួន មានប្រឡាយបង្ហូរទឹក ផ្លូវថ្នល់ ។ល។ អ្វីដែើធ្វើពុំទាន់រួចនិងត្រូវធ្វើឲ្យហើយទាំងអស់ឆាប់ៗខាងមុខនេះដើម្បីប្រគល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណ:។

លោក ហែម ថេង ក៏បានជម្រាបដល់សមកម្មជនទាំងអស់ថា យើងទាំងអស់គ្នាត្រូវខិតខំបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរច្រើនជាងមុន ព្រោះយើងទាំងអស់គ្នាសុទ្ធតែជាអ្នកបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរាស្រ្តនោះទេ យើងត្រូវបន្តបម្រើពួកគាត់បន្ថែមទៀត ព្រោះពួកគាត់បានគាំទ្របោះឆ្នោតជូនCPP ទទួលបានជ័យជម្នះរហូតមក។

បន្ទាប់ពីហើយបង្ហើយកិច្ចការរួច ក្រុមការងារមានកម្មវិធីពិសារបាយសាមគ្គីជាមួយគ្នា១ពេលផងដែរ៕