(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពពីសំណាក់លោក ប៊ិល កុសល អភិបាលខណ្ឌ, អភិបាលរងខណ្ឌសែនសុខ២រូប គឺលោក សក់ ច័ន្ទកញ្ញារិទ្ធ និងលោក ហោ វាសនា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចម្រុះ ចុះត្រួតពិនិត្យភ្លាមៗ ទៅលើទីតាំងកុងស៊ី ទទួលបញ្ចាំចំនួន២កន្លែង ដែលជាជម្រករបស់ជនល្មើស ក្នុងការទទួលផលចោរកម្ម ពីសកម្មភាពលួច ឆក់ ប្លន់ ក្រោយពីសង្ស័យថា ពុំមានលិខិតអនុញ្ញាតត្រឹមត្រូវ ហើយនិងអាចប្រឈមបិទអាជីវកម្មចោល។

ទីតាំងទទួលបញ្ចាំ២កន្លែងខាងលើនេះ ដែលទីតាំងទី១ស្ថិត នៅត្រង់ចំណុចផ្ទះ លេខ ២៥+២៧ ផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិបឹងប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានយីហោឈ្មោះ «CCK ខេមបូឌាន ស៊ី&ខេ អ៊ីនវេសម៉ិ» និងទីតាំងសេវាទទួល ប្រាតិភោគអនុប្បទាន (ទទួលបញ្ចាំ) និងទីតាំងទី២ ស្ថិតនៅត្រង់ចំណុចផ្ទះលេខ៨៨ថ ផ្លូវលេខ១០១៩ (ហៅផ្លូវហាណូយ) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានយីហោឈ្មោះ «សួន សារិន ហៅគង់»។

ការចុះប្រតិបត្តិការត្រួតពិនិត្យនេះ បានធ្វើឡើងតាំងពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ដោយមានសមាសភាព ចូលរួមពី នាយករងរដ្ឋបាលខណ្ឌ លោក ឆាយ វាសនា, ប្រធានការិយាល័យអន្តរវិស័យ លោក អ៊ុក សុភា, អធិការងខណ្ឌ លោក គក់ សុខហួរ, មេបញ្ជាការអាវុធហត្ថខណ្ឌ លោក ព្រុំ សក្កដា, នាយរងប៉ុស្ដិ៍ភ្នំពេញថ្មី លោក មាស ពិសិទ្ធិ, មេភូមិប៉ាយ៉ាប លោក មុយ ជា រួមនិងមន្ត្រីចំណុះជុំនាញជុំវិញខណ្ឌ-សង្កាត់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មានសមត្ថកិច្ចអាវុធហត្ថជាច្រើននាក់ទៀតផងដែរ។

លោក សក់ ច័ន្ទកញ្ញារិទ្ធ និងលោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខទាំង២រូប បានបញ្ជាក់ដូចៗគ្នាថា ក្រោយពីប្រតិបត្តិការត្រួតពិនិត្យរបស់កម្លាំងគណៈបញ្ជាការឯកភាព
ខណ្ឌសែនសុខ ទៅលើទីតាំងកុងស៊ីទទួលបញ្ចាំចំនួន២កន្លែងខាងលើ ដោយសង្ស័យពុំមានលិខិតអនុញ្ញាតត្រឹមត្រូវនោះ បានរកឃើញថា ទីតាំងទី១-ដែលមានម្ចាស់ឈ្មោះ សោម មូលីកា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបើកទទួលបញ្ចាំ ស្នាក់នៅចំណុចខាងលើ។

បានរកឃើញថា មានលិខិតលេខ១៤៤ សហល អឧហ ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អាជ្ញាបណ្ឌទទួលបញ្ចាំ) និងលិខិតលេខ៩០២០ ពណ ចបព ចុះថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០១៤ របស់ក្រសួងពាណិជ្ជកម្ម (លិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម) លិខិត៤៨៥៨ លអស ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ របស់រដ្ឋបាល រាជធានីភ្នំពេញ (លិខិតបញ្ជាក់ទីតាំងស្លាកយីហោ (ខេមបូឌាន ស៉ី និងខេ អ៉ីនវេសមិន) លិខិតលេខ អ PTM ២០១៧០១២៥០៥ អពដ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧របស់អគ្គនាយកដ្ឋានពន្ធដា (ប័ណ្ណពន្ធប៉ាតង់ឆ្នាំ២០១៧) លិខិតលេខ អ ៣៥៥៧,២០១៥ អគម,លពដ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ របស់អគ្គនាយកដ្ឋានពន្ធដា (វិញ្ញាបនបត្រចុះបញ្ជីពន្ធដា) «ពោលគឺមានលិខិតអនុញ្ញាតត្រឹមត្រូវ»។

ប៉ុន្តែបានរកឃើញកំហុសមួយចំនួនដូចជា ទី១៖ មិនមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ទី២៖ មុននិងទទួលបញ្ចាំ ត្រូវត្រួតពិនិត្យឯកសារឲ្យបានត្រឹមត្រូវសិន «ពោលគឺគ្រាន់តែព្រមានប៉ុណ្ណោះ» បើក្នុងករណីម្ចាស់ទីតាំង មិនអនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពទេនោះ ប្រាកដជាមានវិធានការតាមផ្លូវច្បាប់មិនខាន ដោយមិនលើកលែងឡើយ។

អភិបាលរងខណ្ឌសែនសុខទាំង២រូប បានបញ្ជាក់ដូចៗគ្នាទៀតថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការត្រួតពិនិត្យនូវទីតាំងទី១ ក៏បន្តទៅត្រួតពិនិត្យទៅលើ ទីតាំងកុងស៊ីទទួលបញ្ចាំ ទី២៖ ដែលមានម្ចាស់ឈ្មោះ សួន សារិន ហៅគង់ ភេទប្រុស មុខរបរទទួលបញ្ចាំស្នាក់នៅចំណុចខាងលើ និងបានរកឃើញថា មានលិខិតលេខ១២៤ សហវ អឧហ ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលិខិតលេខ No)MOC-៦១០៦៧០៤៥ ពណ ចទព ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងលិខិតលេខ (N) ១៤៦០១២០១៦ អតប/អពដ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានពន្ធដា ស្ដីពីវិញ្ញាបនបត្របញ្ជីពន្ធដារ និងប័ណ្ណប៉ាតង់លេខ N PTM ២០១៧/០១១៣៤៩ អពដ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ «ពោលគឺមានលិខិតអនុញ្ញាតត្រឹមត្រូវដូចគ្នា»។

ប៉ុន្តែបានរកឃើញកំហុសមួយចំនួនដូចជា ទី១៖ ដោយតម្រូវឲ្យម្ចាស់ទីតាំង ត្រូវស្នើសុំលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ដោយទុកត្រឹមរយៈពេល១៤ថ្ងៃប៉ុណ្ណោះ ទី២-មុនពេលទទួលបញ្ចាំត្រូវត្រួតពិនិត្យលើឯកសារឲ្យបានត្រឹមត្រូវ «ពោលគឺគ្រាន់តែព្រមានតែប៉ុណ្ណោះ» បើក្នុងករណីម្ចាស់ទីតាំង មិនអនុវត្តតាមការណែរបស់គណៈបញ្ជាការឯកភាពទេ និងមានវិធានការចុះអនុវត្តទៅតាមផ្លូវច្បាប់ជាក់ជាពុំខាន៕