(កំពត)៖ អ្នកកាសែតម្នាក់ និងជនសង្ស័យ២នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយស្ថាប័នជំនាញនានា និងអាជ្ញាធរដែនដីដែលដឹកនាំដោយលោក ង៉ែត សាវឿន នាយករងរដ្ឋបាលសាលាខេត្ត តំណាងលោកអភិបាលខេត្តកំពត ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ចុះឃាត់ខ្លួនបាន ជាបន្តបន្ទាប់ នៅភូមិតេជោអភិវឌ្ឍ ឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត ក្រោយពីស្ថាប័នជំនាញ រកឃើញបទល្មើសជាក់ស្តែង ដែលជាប់ពាក់ព័ន្ធ ទៅនឹងការញុះញង់ និងនៅពីក្រោយខ្នងប្រជាពលរដ្ឋនៅមកពីខេត្តនានាជាង១០០គ្រួសារ ទៅសង់លំនៅដ្ឋានខុសច្បាប់ លើដីក្រុមហ៊ុនស្របច្បាប់ និងវាយកម្ទេចរថយន្ត ចំនួន៣គ្រឿងរបស់សមត្ថកិច្ច និងក្រុមហ៊ុន។

លោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់នោះ រួមមាន៖ ទី១-ឈ្មោះ ជា ស៊ីថា ហៅចេក អាយុ៤២ឆ្នាំ មុខរបរជាអ្នកសាព័ត៌មានអំណាចប្រជាជន មានស្រុកនៅខេត្តព្រៃវែង។ អ្នកកាសែតរូបនេះត្រូវកម្លាំងឃាត់ខ្លួនបាន នៅម៉ោង២រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិតេជោអភិវឌ្ឍខាងលើ, ទី២-ឈ្មោះ សុខ ពិសី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងមាស ស្នាក់នៅភូមិតេជោអភិវឌ្ឍ ឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត មានស្រុកកំណើត នៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជនសង្ស័យរូបនេះកម្លាំងឃាត់ខ្លួនបាន នៅម៉ោង៦ល្ងាច ថ្ងៃដដែល នៅចំណុចភូមិតេជោដែរ និងទី៣-ឈ្មោះ ព្រឿង ប្រាណ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនសង្ស័យរូបនេះ ត្រូវកម្លាំងឃាត់ខ្លួនបាន កាលពីម៉ោង១០យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិដូចគ្នា។

លោក ជួន សារ៉ា បន្តឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើនេះ មានម្នាក់ត្រូវបានកម្លាំងចុះឃាត់បានកាលពីយប់មិញ ហើយនាំខ្លួមមកសាកសួរ នៅទីបញ្ជាការដ្ឋាន(អ.ហ) ខេត្តកំពត ក្រោយពីសាកសួររួច ដោយមានការពាក់ព័ន្ធ នឹងអ្នកកាសែត ជាមួយជនសង្ស័យម្នាក់ទៀត ដែលជាអ្នកញុះញង់ និងជាមេខ្លោងនៅពីក្រោយខ្នង ប្រជាពលរដ្ឋ បង្កឲ្យមានកើតអំពើហិង្សា ឈានទៅវាយបំផ្លាញរថយន្ត៣គ្រឿង និងកេណ្ឌប្រជាពលរដ្ឋមកពីខេត្តជិតឆ្ងាយជាង១រយគ្រួសារ ចូលមកទន្ទ្រានកាន់កាប់ និងសង់លំនៅដ្ឋានដោយខុសច្បាប់ រយ:ពេលជិត១ខែនេះ លើដីក្រុមហ៊ុន ចាន់ សុធា ដែលមានដំណាំដើមស្វាយចន្ទីស្រាប់ អស់ជាង១០០ហិកតា ដែលក្រុមហ៊ុន ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើសម្បទានជួលឲ្យសម្រាប់កសិកម្ម តាំងពីដីជួលពីរដ្ឋជាង១ម៉ឺនហិកតា នៅឃុំតាកែន និងឃុំតេជោអភិវឌ្ឍ នៃស្រុកឈូក រហូតមកដល់ពេលនេះ ក្រុមហ៊ុនចាន់ សុធា ទទួលបានដីអភិវឌ្ឍជាក់ស្តែង នៅត្រឹមតែ៣០៧៦ហិកតាប៉ុណ្ណោះ ដោយសារដីមូយផ្នែកធំ ត្រូវបានកាត់ឃ្វៀលចេញឲ្យប្រជាពលរដ្ឋ ទៅតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាល។

លោក ជួន សារ៉ា ឲ្យដឹងទៀតថា ទន្ទឹមនិងការឃាត់ខ្លួននូវជនសង្ស័យខាងលើនៅរសៀល ថ្ងៃទី១១ ខែសីហា នេះផងដែរ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមបញ្ជានីតិវិធីពីលោក ខាន់ សុផល តំណាងស្ថាប័នអាយ្យការអមសាលាដំបូងខេត្តកំពត ក៏ឈានទៅអនុវត្តរុះរើ និងដុតបំផ្លាញលំនៅដ្ឋានដែលសង់អនាធិបតេយ្យនៅលើដីរដ្ឋ ដែលជួលឲ្យក្រុមហ៊ុនខាងលើ អស់ប្រមាណ៤២ខ្នងផ្ទះ ក្នុងភូមិសាស្ត្រ ភូមិតេជោអង្កាញ់ និងភូមិតេជោអភិវឌ្ឍ ក្នុងឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត ប៉ុន្តែមិនបង្កហឹង្សាណាមួយឡើយ ក្រៅពីពន្យល់ឲ្យប្រជាពលរដ្ឋ កុំចាញ់បោកមេខ្យល់ឲ្យសោះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់មកសង់លំនៅដ្ឋានអនាធិបតេយ្យនេះ គឺបង់លុយឲ្យមេខ្យល់ក្នុងម្នាក់ៗពី១០០ ទៅ២០០ដុល្លារ។ សមត្ថកិច្ចក៏បានឲ្យដឹងដែរថា ក្រៅពីមេខ្លោងជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ច បាននិងកំពុងឃាត់ខ្លួននេះ នៅមានមេក្លោងដ៏ធំម្នាក់ទៀតឈ្មោះ សុខ ពិដោរ ភេទប្រុស ត្រូវជាបងបង្កើតរបស់ឈ្មោះ សុខ ពិសីខាងលើ មុខរបរកងទ័ពនៅអង្គភាពអធិការកិច្ច នៃយុទ្ទភូមិភាគពិសេស។ ហើយបច្ចុប្បន្នស្ថាប័នជំនាញ កំពុងកសាងសំណុំរឿង ដើម្បីអនុវត្តនីតិវិធីផងដែរ៕