(ឡាវ)៖​ បន្ទាប់ពីប្រកាសព័ត៌មានរួមគ្នារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ថោងលួន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវរួចមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ បានអញ្ជើញជួបសំណេះ​សំណាល​ជាមួយ ប្រធានរដ្ឋឡាវ គឺលោក ប៊ុនញុំង វ៉ូរ៉ាជិត។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនប្រធានរដ្ឋឡាវថា សម្ដេចពិតជារីករាយសប្បាយចិត្តជាខ្លាំង ដែលបានចូលរួមដោះស្រាយបញ្ហានេះទាន់សភាពការណ៍។

សម្ដេចតេជោ បានមានប្រសាសន៍បន្តថា «បញ្ហាគ្រប់យ៉ាង គឺសុទ្ធតែអាចដោះស្រាយបានទាំងអស់ នៅពេលដែលយើងជួបចរចារគ្នា ហើយសម្ដេចក៏អរគុណដល់ប្រទេសឡាវផងដែរ ដែលបានជ្រើសរើសដំណោះស្រាយឈ្នះ-ឈ្នះ គឺយើងឈ្នះទាំងអស់គ្នា។​ ប្រទេសយើងទាំងពីរ នឹងពង្រឹងនូវមិ្តភាព​ និងកិច្ចសហប្រតិបត្តិការ​ដើម្បីធ្វើអោយតំបន់ព្រំដែនក្លាយជាតំបន់អភិវឌ្ឍន៍ រីកចម្រើន និងជាតំបន់សន្តិភាពសម្រាប់ប្រជាជាតិទាំងពីរ»។

ក្រោយពីជំនួបប្រធានរដ្ឋឡាវរួមមក នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ បានអញ្ជើញសម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ពិសាអាហារថ្ងៃត្រង់មិត្តភាពយ៉ាងស្និទ្ឋស្នាល​ មុនអញ្ជើញវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃនេះ៕