(វៀងច័ន្ទ-ឡាវ)៖ នាយករដ្ឋមន្ដ្រីឡាវលោក ថោងលន់ ស៊ីស៊ូលីត បានចេញមកប្រកាសថា លោកមានការសោកស្ដាយយ៉ាងខ្លាំង ដែលលោកមិនបានទទួល លិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលស្នើឲ្យលោកដកកងទ័ពចេញពីកម្ពុជា ហើយមិនបានឆ្លើយតបទៅកាន់សម្ដេចវិញ កាលពីថ្ងៃទី២ ខែសីហា កន្លងទៅនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ប្រមុខនៃរាជរដ្ឋាភិបាល បានផ្ញើលិខិតចំនួន៣ទំព័រជូនលោក ថោងលន់ ស៊ីស៊ូលីត ស្នើសុំឲ្យរដ្ឋាភិបាលនៃ ប្រទេសឡាវ ដកកងកម្លាំងប្រដាប់អាវុធចេញពីតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ របស់ឡាវ​។ ប៉ុន្ដែនៅថ្ងៃចរចារទី១២ ខែសីហា ឆ្នាំ២០១៧នេះ បែរជាលោកនាយករដ្ឋមន្ដ្រីឡាវ បានអះអាងថា មិនបានទទួលលិខិតរបស់សម្ដេចទៅវិញ។

នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយសម្ដេចតេជោ ហ៊ុន សែន លោក ថោងលួន ស៊ីស៊ូលីត បានបញ្ជាក់យ៉ាងដូច្នេះថា «គួរឲ្យស្ដាយណាស់ មុននោះដែលខ្ញុំ មិនបានទទួល លិខិតពីសម្ដេចតេជោ ហ៊ុន សែន ហើយខ្ញុំមិនបានឆ្លើយតប។ ទោះជាយ៉ាងណាក៏ដោយថ្ងៃនេះ ខ្ញុំបានពិភាក្សាគ្នាត្រង់ទៅត្រង់ មកលក្ខណៈមិត្តភាព»។

នាយករដ្ឋមន្រ្តីឡាវរូបនេះ ក៏បានបញ្ជាក់ថា «ខ្ញុំបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ នៅទីនោះដកកម្លាំងចេញឲ្យអស់មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ។ បញ្ហានៅតាមព្រំដែននោះ យើងត្រូវបានដោះស្រាយគ្នា ដោយយកចិត្តទុកដាក់បំផុត មិនឲ្យមានការកើតឡើងតាមព្រំដែនទៀតនោះទេ»។

សូមបញ្ជាក់ថា ការពីព្រឹកមិញសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីចរចារជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត ដើម្បីឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា ហើយលទ្ធផលគឹយើងទទួលបានជោគជ័យហើយ សូមពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអបអរសាទរ នៃដំណឹងដ៏រីករាយបំផុតនេះ៕