(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល បានអញ្ជើញចុះសំណេះសំណាលជាមួយ សិក្ខាកាម វគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល នៅសាលានគរបាលជាតិ ភូមិភាគ៥ ចំនួន១៨១​នាក់ មកពី០៤ ស្នងការដ្ឋាននគរបាល។

ក្នុងឱកាសចំណេះសំណាលនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក បានថ្លែងថា ការចុះសំណេះសំណាលនាពេលនេះ ដើម្បីពិនិត្យលើដំណើរការបណ្ដុះបណ្ដាល ប្រៀបធៀបជាមួយកម្មវិធី បណ្ដុះបណ្ដាល និងផែនការគ្រប់គ្រងវគ្គ ស្វែងយល់ពីសុខទុក្ខ ទទួលសំណូមពរ និងលើកទឹកចិត្តមន្ត្រីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពីវិជ្ជាជីវៈ នគរបាលកម្រិតបឋមមានចំណេះដឹង មានការយល់ដឹកអំពីតួនាទីភារកិច្ច និងកាតព្វកិច្ចរបស់កងកម្លាំង មានស្មារតីទទួលខុសត្រូវលើការងារ គោរប្រតិបត្តិច្បាប់គោរពវិន័យ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស មុននឹងត្រូវបានតាំងស៊ប់ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលកម្ពុជា។

ឧត្តមសេនីយ៍ឯក ឯក មនោសែន បានថ្លៃថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញជាផែនការយុទ្ធសាស្ត្រ ក្នុងរយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងកម្មវិធីកំណែទម្រង់ លើការងារសំខាន់ៗ រួមមាន៖ ការងារដឹកនាំគ្រប់គ្រង, ការអភិវឌ្ឍកម្មវិធីអប់រំ, ការអភិវឌ្ឍ សមត្ថភាពគ្រូបង្រៀន, ការពង្រឹងវិន័យនិស្សិត-សិក្ខាកាម សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង, ការអភិវឌ្ឍធនធានមនុស្ស, ការបង្កើតឱ្យមានយន្ដការធានា គុណភាពអប់រំផ្ទៃក្នុង ។

ក្នុងឱកាសនោះលោក ឯក មនោសែន ក៏បានផ្តល់អនុសាសន៍ចំនួន៥ចំណុច ដល់សិស្សនាយនគរបាល នាយនគរបាលរងគ្រប់រូបរួមមាន៖

១៖ យកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយស័្វយប្រវត្ថិសិក្សា និងទ្រីស្តី និងការអនុវត្តជាក់ស្តែង
២៖ មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា
៣៖ ត្រូវគោរពឲ្យបានដាច់ខាតនូវរាល់បទបញ្ញត្តិដែលបានចែងក្នុងបទបញ្ជាផ្ទៃក្នុង
៤៖ ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនចេះ មិនមែនរៀនចប់» គុណភាពមិនអាចសម្របសម្រូលបានឡើយ
៥៖ ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្រ្តីនគរបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ ការទទួលខុសត្រូវលើការងារ និងមានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តលើខ្លួន។

ឧត្តមសេនីយ៍ឯក ឯក មនោសែន បានក្រើនរំលឹកដល់សិស្សនាយនគរបាល នាយនគររង និងសិក្ខាកាមទាំងអស់ នៅពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបទការងារថ្មី ជាមន្ត្រីនគរបាលដែល មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អមានការទទួល ខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្ដល់ជំនឿទុកចិត្តមកលើខ្លួន៕