(ភ្នំពេញ)៖ ក្រោយបើកការសាកល្បងការពារនិក្ខេបបទ បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន២ដងរួចមក នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បើកការការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជាផ្លូវការ ជូនសមណនិស្សិត-និស្សិតជាច្រើនអង្គ/នាក់។

ការបើកការការពារនិក្ខេបបទបញ្ចប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នាពេលនេះ ធ្វើឡើងដោយមានការចូលរួមពីលោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជាប្រធាន, សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះអគ្គាធិការពុទ្ធិកសិក្សាជាតិ អនុប្រធាន, សម្តេចព្រះធម្មលិខិត លាស់ ឡាយព្រះអគ្គាធិការរង ពុទ្ធិកសិក្សាជាតិជាសមាជិក, សម្តេចព្រះពោធិវង្ស អំ លីមហេង ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ជាសមាជិក, សម្តេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ជាសមាជិក, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ជាសមាជិក និង ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកនៃ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ជាអនុប្រធានអចិន្រ្តៃ រួមនឹងព្រះសង្ឃជាសមាជិក សមាជិកាជាច្រើនរូបទៀត។

ក្នុងឪកាសនោះ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានស្នើដល់សមណ និស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សរសេរនិក្ខេបបទទាំងឡាយណាកុំ ឲ្យប៉ះពាល់ដល់ អ្នកដទៃ ពីព្រោះថា មិនមែនមានសិទ្ធិតែយើងនោះទេ អ្នកដទៃក៏មានសិទ្ធិដូចគ្នា ចឹងហើយ ការលើកយក ប្រធានបទ និងការសរសេរ ជៀសវាងកុំឲ្យមានការប៉ះពាល់សល់សិទ្ធិអ្នកដទៃ។ ហើយនិក្ខេបបទ ត្រូវមានការ គោរពសិទ្ធិអ្នកដទៃ ទាំងការសរសរក្តី និយាយក្តីផងដែរ។

ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសមណនិស្សិត-និស្សិតដែលបញ្ចប់ការសិក្សាលើផ្នែក ឯកទេសទស្សនវិជ្ជា សរុបចំនួន៣៤អង្គ/នាក់ និងឯកទេសអក្សរសាស្រ្តខ្មែរ សរុបទាំងអស់ចំនួន៦អង្គ/នាក់ ក្រៅពីនោះ សម្រាប់សមណនិស្សិត-និស្សិតកំពុងសិក្សាលើផ្នែកឯកទេសទស្សនវិជ្ជា មានចំនួន២៣អង្គ/នាក់ ឯកទេស អក្សរសាស្រ្តខ្មែរ មានចំនួន១៨អង្គ/នាក់ និងឯកទេសគ្រប់គ្រងអប់រំ មានចំនួន២១អង្គ/នាក់។

ព្រះអង្គមានសង្ឃដីកា បន្ថែមថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានគម្រោងបើកថ្នាក់បណ្ឌិត ក្នុងឆ្នាំ២០១៩ខាងមុខនេះផងដែរ។

ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា សង្ឃដីកាបន្តថា នេះជាលទ្ធភាពដ៏ល្ពប្រសើរណាស់សម្រាប់ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលមានសមណនិស្សិត-និស្សិត បានបញ្ចប់ការសិក្សាដោយជោគជ័យជាបនុ្តបន្ទាប់ ហើយបានយកចំណេះដឹងដែលទទួលបាន ទៅអភិវឌ្ឍន៍ និងចែករំលែកជាបន្តទៅកាន់សិស្ស និស្សិត និងអាចយកទៅចូលរួមចំណែកជួយសង្គមជាតិជាដើម។

គួរកត់សំគាល់ថា ការការពារនិក្ខេបបទនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺធ្វើឡើង ដោយមានការ លក្ខខណ្ឌត្រឹមត្រូវ ទាំងពីចាប់ផ្តើម រហូតដល់បញ្ចប់។ ។ការធ្វើបែបនេះ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ក្នុងការធ្វើការពារនិក្ខេបបទ៕