(វៀងច័ន្ទ-ឡាវ)៖ មេទ័ពកំពូលផុតលេខ នាយករដ្ឋមន្ដ្រីកម្ពុជាសម្ដេចតេជោ​ ហ៊ុន សែន បានថ្លែងប្រាប់ទៅកាន់ប្រជាពលរដ្ឋ នៃប្រទេសទាំង២ កម្ពុជា-ឡាវ សូមរក្សាភាព ស្ងប់ស្ងៀមចិត្ត និងរស់នៅដោយសុខស្រួលជាមួយគ្នា ដោយសារគ្មានឧបទ្ទវហេតុ ប៉ះទង្គិចខាងយោធាកើតឡើងនោះទេ។

ក្រោយបញ្ចប់ការចរចាររួចមក នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្ដ្រីទាំង២ បានធ្វើសន្និសីទកាសែតរួមគ្នា ដើម្បីបញ្ជាក់ប្រាប់ទៅកាន់ប្រជាជាតិ ស្ដីអំពីបញ្ហាព្រំដែនដែលកំពុងកើតមាននៅពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមកកាន់ទីនេះមិនអត់ប្រយោជន៍ទេ...ដូច្នេះសង្ឃឹមថា ទាំងប្រជាជនកម្ពុជា ទាំងប្រជាជនឡាវ ដែលរស់នៅតាមតំបន់ព្រំដែនស្ងប់ស្ងៀមចិត្ត មិនមានឧបទ្ទវហេតុប៉ះទង្កិចខាងយោធាណាមួយកើតឡើងនោះទេ មិនត្រឹមតែប្រជាជនដែលរស់នៅតាមព្រំដែនទេ ប្រជាជន នៃប្រទេសទាំង២រស់នៅដោយសុខស្រួលជាមួយគ្នា»

នៅក្នុងសន្និសីទកាសែតខាងលើនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា «មិញនេះឯកឧត្តម នាយករដ្ឋមន្ដ្រីឡាវ នឹងប្រកាស នឹងបញ្ជាឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្រាប់ឲ្យមេទ័ពកំពូលរបស់កម្ពុជា ឲ្យបញ្ជូនកងទ័ពត្រឡប់ទៅមូលដ្ឋានដើមវិញ។

រីឯនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News បន្ថែមថា ឡាវសុំពេលមួយថ្ងៃដើម្បីរៀបចំឥវ៉ាន់ ដកកងទ័ពត្រឹមព្រឹកថ្ងៃស្អែក៕