(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ​សហការជាមួយសហគមន៍ម្រេចអន្តរជាតិ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ រៀបចំសាលាថ្នាក់ជាតិស្តីពី «ការផ្លាស់ប្តូរបទពិសោធន៍ នៃការធ្វើពាណិជ្ជកម្មលើវិស័យម្រេចកម្ពុជា និងការកសាងទំនុកចិត្ត លើផលិតកម្មម្រេចប្រកបដោយចីរភាព» សំដៅលើកកម្ពស់ឧស្សាហកម្មម្រេច និងចូលរួមអនុវត្តន៍គោលនយោបាយកសិ-ពាណិជ្ជកម្ម របស់កម្ពុជា។

ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីលោកស្រី Hoang Thi Lein នាយកប្រតិបត្តិសហគមន៍ម្រេចអន្តរជាតិ ជំនាញការម្រេច ព្រមទាំងប្រជាកសិករ និងតំណាងសមាគមអ្នកនាំចេញម្រេច ប្រមាណ​៦០នាក់។

លោក ម៉ៅ ថូរ៉ា បានថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធ ដែលផ្តួចផ្តើមបង្កើតសិក្ខាសាលានេះឡើង ស្របពេលដែលដំណាំម្រេច កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីវិនិយោគិនគ្រប់មជ្ឈដ្ឋាន។ លោក បានលើកឡើងពីយុទ្ធសាស្ត្រ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ឧស្សាហកម្មម្រេច តាមរយៈការចងក្រងសមាគមម្រេច នៅក្នុងខេត្តគោលដៅមួយចំនួន និងការបង្កើតក្រុមការងារអន្តរក្រសួង ជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីរៀបចំយន្តការជំរុញតម្លៃម្រេច ព្រមទាំងនិរន្តរភាព នៃផលិតកម្មម្រេចនៅកម្ពុជា។

រដ្ឋលេខាធិការរូបនេះ ​បានបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មនឹងរៀបចំវេទិកាម្រេចលើកទី១ នៅក្នុងខែធ្នូ ឆ្នាំ២០១៧ខាងមុខ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ជាពិសេសប្រែក្លាយកសិករ និងសមាគមម្រេច ឲ្យចេះធ្វើពាណិជ្ជកម្មប្រកបដោយវិជ្ជាជីវៈ និងជំនាញ។

នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ម្រេច គឺជាផលិតផលមួយ ក្នុងចំណោមផលិតផល ចំនួន​១៩មុខ ដែលសក្តានុពលនាំចេញរបស់កម្ពុជា។

គិតត្រឹមខែឧសភា ឆ្នាំ២០១៧ ដំណាំនេះត្រូវបានឃើញរីកដុះដាលនៅក្នុងខេត្តចំនួន១៩ ចាប់ពីតំបន់និរតី រហូតដល់តំបន់ពាយ័ព្យ និងភូមិភាគឥសាន្ត នៃប្រទេសកម្ពុជា ដែលមានផ្ទៃដីដាំដុះសរុបប្រមាណ៦,៦៧៨ហិតា ហើយផ្តល់ទិន្នផល ២០,០៥០តោន។ បន្ទាប់ពីកាត់ទុកសម្រាប់ប្រើប្រាស់ក្នុងស្រុកប្រមាណ ៣០០តោន វាត្រូវបាននាំចេញទៅទីផ្សារក្នុងតំបន់ និងទីផ្សារប្រទេសជប៉ុន កូរ៉េ តៃវ៉ាន់ សហគមន៍អឺរ៉ុប និងអាមេរិក ជាដើម៕