(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានស្នើឱ្យក្រសួងព័ត៌មានចាត់វិធានការចំពោះការិយាល័យវិទ្យុអាស៊ីសេរី និងវិទ្យុ VOA ដែលបានធ្វើសកម្មភាពយកព័ត៌មាននៅកម្ពុជា ដោយគ្មានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន និងមិនបានមកចុះបញ្ជីពន្ធដារតាមច្បាប់ស្តីពីសារពើពន្ធ ដែលបានកំណត់។

តាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ស្របតាមយុទ្ធសាស្រ្ត កៀរគរចំណូល រយៈពេលមធ្យម ២០១៤-២០១៨ អគ្គនាយកពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការផ្សព្វផ្សាយជូនដំណឹងជាសាធារណៈស្តីពីកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងកាតព្វកិច្ចសារពើពន្ធនានា ជារឿយៗដូចជាតាមរយៈសេចក្តីជូនដំណឹងលេខ ៧៤៨៧ អពដ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ របស់អគ្គនាយកដ្ឋានពន្ធដារ និងការផ្សព្វផ្សាយតាមបណ្តាញព័ត៌មាននានា ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងការចុះបញ្ជីពន្ធដារ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងមានទិន្នន័យឱ្យបានច្បាស់លាស់នៅក្នុងប្រព័ន្ធចុះបញ្ជីពន្ធដារថ្មី។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលបានទទួលពីក្រសួងព័ត៌មាន ជាមួយទិន្នន័យក្នុងប្រព័ន្ធចុះបញ្ជីរបស់អគ្គនាយកដ្ឋានពន្ធដារឃើញថា ស្ថានីយ៍វិទ្យុ និងស្ថានទូរទស្សន៍មួយចំនួន បានបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានបានរួចរាល់។ ប៉ុន្តែការិយាល័យរបស់វិទ្យុអាស៊ីសេរី (RFA) មានអាសយដ្ឋាននៅអគារ Premier Office Center លេខ១៨៤ ជាន់ទី៤A ផ្លូវមុនីរ៉េត (២១៧) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ និងការិយាល័យរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) មានអាសយដ្ឋាន នៅអគារលេខ៣២០ ជាន់ទី៤ ផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពយកព័ត៌មាន និងផ្សព្វផ្សាយតាមរយៈការជួលម៉ោង នៅស្ថានីយ៍វិទ្យុឯកជនក្នុងស្រុកមួយចំនួន ក្នុងការចាក់ផ្សាយបន្តដោយមិនបានបំពេញកាត្វកិច្ចចុះបញ្ជីពន្ធដារឡើយ បើទោះបីជាមានការអញ្ជើញ និងជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដាររួចរាល់ហើយក្តី។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ទៀតថា ដោយអនុលោកតាមមាត្រា១០១ នៃច្បាប់ស្តីពីសារពើរពន្ធ និងប្រកាសលេខ៤៩៦ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ស្តីពីការចុះបញ្ជីពន្ធដារ អ្នកជាប់ពន្ធទាំងអស់ រួមទាំងនីតិបុគ្គល និងរូបវ័ន្តបុគ្គល ត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងកំឡុង ១៥ថ្ងៃ ក្រោយពីអ្នកជាប់ពន្ធនោះ ចាប់ធ្វើសកម្មភាព សេដ្ឋកិច្ចនៅកម្ពុជា ដោយត្រូវផ្តល់ព័ត៌មានភ្ជាប់ជាមួយអំពីការអនុញ្ញាតរបស់ក្រសួង ស្ថាប័នមានសមត្ថកិច្ច ដែលនៅក្នុងករណីនេះ មានជាអាទិ៍ អាជ្ញាបណ្ណរបស់ក្រសួងព័ត៌មាន ។

ក្រសួងសេដ្ឋកិច្ច បានបន្តទៀតថា ដោយសារកិច្ចប្រតិបត្តិការរបស់វិទ្យុអាស៊ីសេរី និងវិទ្យុ VOA នេះត្រូវស្ថិតនៅក្រោមសមត្ថកិច្ច នៃការចុះបញ្ជី ឬផ្តល់អាជ្ញាប័ណ្ណ និងការគ្រប់គ្រងត្រួតពិនិត្យរបស់ក្រសួងព័ត៌មាន ដូច្នេះសូមលោករដ្ឋមន្រ្តី ក្រសួងព័ត៌មានជំរុញវិទ្យុទាំងពីរនេះ ផ្តល់កិច្ចសហការ ឬបើពុំនោះសោត សូមក្រសួងព័ត៌មានចាត់វិធានការតឹងរឹងចាំបាច់ ស្របតាមបទប្បញត្តិច្បាប់ជាធរមានចំពោះវិទ្យុទាំងពីរនេះ៕