(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធាពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា កងទ័ពនឹងសម្ភារៈសឹកបញ្ជូនបន្ថែមទៀតនៅម៉ោងប្រមាណ ៧យប់នេះចេញពីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ ដើម្បីកំចាត់កងទ័ពឈ្លានពានរបស់ឡាវ ចេញពីទឹកដីរបស់កម្ពុជា។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់យ៉ាងច្បាស់ៗថា «នៅម៉ោងប្រមាណ៧យប់នេះ កងទ័ពនិងសព្វាវុធរបស់កម្ពុជា បានបញ្ជូនបន្ថែមទៀតទៅកាន់ ព្រំដែនកម្ពុជា-ឡាវ ដើម្បីកំចាត់កងទ័ពឈ្លានពានរបស់ឡាវ ចេញពីទឹកដីរបស់កម្ពុជា តាមអនុសាសន៍ដ៏ខ្ពស់ខ្ពង់របស់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ដើម្បីការពារបូរណភាពទឹកដីរបស់ខ្មែរយើង ដោយមិនឲ្យសត្រូវមកយកដីរបស់កម្ពុជាមួយមីលីម៉ែត្រឡើយ​»

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱសានវាទចុងក្រោយ នៃការដកទ័ពឡាវចេញពីទឹកដីខ្មែរឱ្យផុតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះជាកំហិត។ សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាមិនត្រូវការដីប្រទេសជិតខាងណាមួយចំអាមឡើយ ហើយប្រទេសជិតខាងដាច់ខាតមិនអនុញ្ញាត បំពានលើកម្ពុជាមួយចំអាមនោះដែរ៕