(សៀមរាប)៖ យុទ្ធនាការរុះរើសំណង់ខុសច្បាប់ ក្នុងឧទ្យានអង្គរ នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ក្រុមគណៈកម្មការចម្រុះបានបញ្ជាក់ឲ្យដឹងថា ប្រជាជននៅក្នុងតំបន់គោលដៅទាំង៤ មានក្រុងសៀមរាប ស្រុកអង្គរធំ ស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង មួយចំនួនធំព្រមទទួលខុស ចំពោះការលួចសាងសង់ និងស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។

បើតាមការបញ្ជាក់របស់គណៈកម្មការ គិតត្រឹម១១៖៣០នាទី ថ្ងៃទី១១ ខែសីហានេះ បានរុះរើបានចំនួនសរុប៣១ទីតាំង ដោយនៅក្នុងនោះ ក្រុងសៀមរាបមាន៧ទីតាំង ស្រុកប្រាសាទបាគងមាន២ទីតាំង នៅស្រុកបន្ទាយស្រីមាន២០ទីតាំង និងនៅស្រុកអង្គរធំមាន២ទីតាំង ដែលសំណង់ទាំងនោះ មានទាំងប្រភេទធ្ងន់ និងសំណង់ស្រាល។

ជាមួយគ្នានេះ ក្រុមគណៈកម្មការចម្រុះ នៅតែអំពាវនាវដល់ប្រជាជនសូមឱ្យស្ម័គ្រចិត្ត ក្នុងការរុះរើសំណង់ខុសច្បាប់ និងចូលរួមសហការជាមួយ ក្រុមការងារជាបន្តទៀត ចៀសវាងការខូចខាតទ្រព្យសម្បត្តិ និងផលប្រយោជន៍ របស់បងប្អូនធ្ងន់ធ្ងរ។

ការអនុវត្តតាមច្បាប់នេះ គឺដើម្បីរួមគ្នាការពាររមណីយដ្ឋានអង្គរ ឱ្យមានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិសាស្ត្រ ដែលជាមរតកជាតិ ដ៏សំខាន់សម្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់ឱ្យស្ថិតស្ថេរចីរកាល៕