(ព្រៃវែង)៖ ​បន្ទាប់ពីមានព័ត៌មានចោទថា មានការធ្វើអាជីវកម្មបូមខ្សាច់ យ៉ាងគគ្រឹកគគ្រេង​គ្មានច្បាប់អនុញ្ញាតពីក្រសួងរ៉ែ និងថាមពល ហើយខ្លះទៀតថា មានអាជ្ញាប័ណ្ណត្រឹមត្រូវ ប៉ុន្តែបានបូមខ្សាច់ខុសទីតាំង និងមានការបូមពេលយប់ នៅស្រុកពាមរក៍ និងស្រុកពាមជរ នៅពេលនេះលោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង បានចេញមកបកស្រាយបំភ្លឺថា​ ពុំមានការធ្វើអាជីវកម្មបូមខ្សាច់គ្មានច្បាប់អនុញ្ញាត ឬបូមខុសទីតាំង និងបូមពេលយប់នោះឡើយ។

លោកបានបញ្ជាក់ថា «បច្ចុប្បន្ននៅក្នុងខេត្តព្រៃវែង ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណបូមខ្សាច់ មានចំនួន៦ក្រុមហ៊ុន គឺអាជ្ញាប័ណ្ណអនុញ្ញាតដោយក្រសួងចំនួន៥ និងចេញដោយមន្ទីររ៉ែ និងថាមពលខេត្ត ចំនួន១ ក្នុងនោះមានសកម្មភាពតែ៤ក្រុមហ៊ុនប៉ុណ្ណោះ»

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ លោក ជា កក្កដា បានថ្លែងបញ្ជាក់ថា កន្លងមក​ក្រុមហ៊ុនបានបោះពោងកំណត់ ទីតាំងអាជ្ញាបណ្ណធ្វើអាជីវកម្មបូមខ្សាច់របស់ខ្លួន និងថែរក្សាបានជាប់គង់វង្ស តែក្រុមហ៊ុនមួយចំនួន មានការធ្វេសប្រហែស មិនបានរក្សាពោងឲ្យបានថិតថេរ ជាហេតុធ្វើឲ្យមានការយល់ច្រឡំថា ក្រុមហ៊ុន​ធ្វើការបូមខ្សាច់ក្រៅអាជ្ញាប័ណ្ណ។ ករណីនេះក្រុមហ៊ុនបានលើកឡើងថា មានការពិបាកក្នុងការរក្សា​ពោង ព្រោះរដូវនេះទឹកហូរខ្លាំង ហើយពេលខ្លះមានប្រជានេសាទបានលួចកាត់ពោងរបស់ខ្លួន។

​ទោះបីជាមានការលើកឡើងបែបនេះក៏ដោយ ​ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង បានណែនាំឲ្យក្រុមហ៊ុន រិះរកវិធី និងត្រូវតែរក្សាពោងកំណត់ដែនអាជ្ញាបណ្ណរបស់ខ្លួន ឲ្យបានគង់វង្ស។

ជាក់ស្តែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧​ម្សិលមិញ លោកបានដឹកនាំមន្រ្តីជំនាញ សហការជាមួយអាជ្ញាធរ ស្រុកពាមរក៍ ចុះពិនិត្យការធ្វើអាជីវកម្មបូមខ្សាច់ ឃើញមានការបោះពោង កំណត់ដែនអាជ្ញាបណ្ណត្រឹមត្រូវ។

ជាមួយគ្នានេះលោក ជា កក្កដា បានណែនាំគ្រប់ក្រុមហ៊ុន មានអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មបូមខ្សាច់ ក្នុងស្រុកពាមរក៍ និងស្រុកពាមជរ ឲ្យធ្វើអាជីវកម្មបានត្រឹមត្រូវស្របតាម​លក្ខខណ្ឌអាជ្ញាប័ណ្ណ ដែលក្រសួង និងមន្ទីរបានកំណត់ ក្នុងករណីក្រុមហ៊ុនណាមួយ មិនអនុវត្តតាមការណែនាំ មន្ទីរនឹងសហការជាមួយអាជ្ញាធរដែនដី ផ្អាកសកម្មភាពអាជីវកម្ម ជាបណ្តោះអាសន្នរយៈពេល១សប្តាហ៍ ប្រសិនបើក្រុមហ៊ុន នៅតែប្រព្រឹត្តខុសដដែលទៀត មន្ទីរនឹងស្នើ សុំទៅក្រសួងដើម្បីមានវិធានការតាមផ្លូវច្បាប់៕