(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (1st Dialogue between GDCE and JBAC) កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ បានប្រារព្ធកិច្ចសន្ទនាលើកទី១ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា និងពិភាក្សាបំភ្លឺ និងដោះស្រាយសំណូមពរមួយចំនួនរបស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម។

កិច្ចសន្ទនានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមពី ថ្នាក់ដឹកនាំនៃរដ្ឋបាលគយកម្ពុជា លោកJunichi Kikuchi ប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) តំណាងស្ថានទូតជប៉ុន ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA និងតំណាងអង្គការធុរកិច្ចជប៉ុននៅក្រៅប្រទេស JETRO។

លោកបណ្ឌិត គុណ ញឹម បានលើកឡើងថា កិច្ចសន្ទនានេះ ជាផ្នែកមួយនៃកិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន(CPPM) ដែលបានរៀបចំឡើងចំនួន០៦លើករួចមកហើយ និងបានដោះស្រាយនូវបញ្ហានិងកង្វល់ជាច្រើនពាក់ព័ន្ធនឹងគយ ដែលបានលើកឡើងដោយវិស័យឯកជន។

បន្ទាប់ពីបានស្តាប់នូវបទបង្ហាញចំនួនពីររបស់ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្តីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងការងារគយ រួមមានស្វ័យប្រវត្តិកម្មគយ និងបញ្ជរតែមួយជាតិ និងវឌ្ឍនភាពនៃការព្រាងប្រកាសស្តីពីកម្រៃសេវាគយមួយចំនួនរួចមក កិច្ចសន្ទនា បានដំណើរការពិភាក្សា និងដោះស្រាយលើសំណូមពរ និងបញ្ហាដែលបានលើកឡើងដោយ JBAC ចំនួន ១៤ចំណុច ដែលជារួមពាក់ព័ន្ធនឹងកិច្ចសម្រួលនីតិវិធីបញ្ចេញទំនិញពីគយ ការចេញលិខិតអនុញ្ញាតគយ ការកំណត់តម្លៃគិតពន្ធគយ ការផ្ទៀងផ្ទាត់វិញ្ញាបនបត្រ ដើមកំណើតទំនិញ ជាដើម។

ក្រោយពីបានស្តាប់ការពន្យល់របស់តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជារួចមក តំណាង JBAC បានថ្លែងអំណរគុណដល់ អគ្គនាយកដ្ឋាន ដែលបានឯកភាពរៀបចំវេទិកាកិច្ចសន្ទនានេះ ហើយសំណូមពរឲ្យមានកិច្ចសន្ទនាដូចនេះបន្តទៀតជាទៀងទាត់ជារៀងរាល់ឆ្នាំ ឬតាមការចាំបាច់។

លោកបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសន្ទនានេះ ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កា ក្នុងការដោះស្រាយ ប្រកបដោយការយោគយល់គ្នារវាងធុរជនជប៉ុននិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ លោកបានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំទ្រនិងជួយសម្រួលដល់វិនិយោគិនជប៉ុន និងពាណិជ្ជករជប៉ុននៅកម្ពុជា ហើយសំណូមពរដល់ ក្រុមការងារតាមវិស័យជំនាញទាំង៣ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន បន្តរៀបចំកិច្ចប្រជុំក្រុមការងាររបស់ខ្លួនឲ្យបានជាប្រចាំ ឬតាមការចាំបាច់ ជាមួយសមាគមធុរកិច្ចជប៉ុន ឬដៃគូផ្សេងទៀត ដើម្បីដោះស្រាយនូវរាល់បញ្ហាដែលនូវសេសសល់ ឬបញ្ហាដែលកើតឡើងថ្មី ឲ្យបានទាន់ពេលវេលា កាត់បន្ថយឲ្យបាននូវការមិនយល់គ្នាទៅវិញទៅមក ក៏ដូចជាការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីគយ៕