(ព្រះសីហនុ)៖ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានគណកម្មការកសាងមជ្ឈមណ្ឌល​ និងលោក​ ង្វៀន​ ជុងដាម​ អនុរដ្ឋមន្រ្តីក្រសួងការងារ​ ជនពិការ​ និងសង្គមកិច្ច​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ចុះហត្ថលេខាលើកំណត់កិច្ចពិភាក្សាការងារសាងសងមជ្ឈមណ្ឌល ផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្ត​ និងផ្អែកលើសហគមន៍។

លោក​ កៅ​ ខុនដារ៉ា​ បានឲ្យដឹងថា​ ភាគីទាំងពីរជួបប្រជុំគ្នានាពេលនេះ គឺដើម្បីជជែកពិភាក្សា​លើជំនួយដែលមានទំហំទឹកប្រាក់ ចំនួន៣លានដុល្លារ ​សម្រាប់ជួយសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្ត​ និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន​ ដែលមានទីតាំងនៅភូមិឬទ្ធី​២​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​។

​ភាគីទាំងពីរ បានឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោម៖

ទី១៖ការកសាងមជ្ឈមណ្ឌលនេះ មានគោលបំណងផ្តល់នូវសេវាព្យាបាលដោយស្មគ្រ័ចិត្ត​ និងផ្អែកលើសហគមន៍​ និងធានាគុណភាព និរន្តរភាព នូវប្រសិទ្ធភាព​ គោរពគោលការណ៍គោរពសិទ្ធិមនុស្ស​ និងផ្អែកលើវិទ្យាសាស្រ្ត និងភ័ស្តតាងជាមូលដ្ឋាន។

ទី២៖គម្រោងថវិកាចំនួន៣លានដុល្លា​ គឺអាទិភាពលើការងារសាងសង់អគារសម្រាប់ការស្នាក់នៅ របស់អ្នកញៀនគ្រឿងញៀន និងអគារបណ្តុះបណ្តាលវិជ្ជាជីវៈ

ទី៣៖ភាគីទាំងពីរធ្វើការងារដោយសហការយ៉ាងជិតស្និទ្ធ​ ក្រោមស្មារតីសាមគ្គី​ រវាងគ្នានឹងគ្នា​ និងខិតខំពន្លឿនការរៀបចំនិងអនុវត្តគម្រោងនេះឲ្យបានឆាប់។

សូមបញ្ជាក់ថា​ មជ្ឈមណ្ឌលនេះ តាមការគ្រោងគម្រោងផែនការសាងសង់ គឺមានទំហំទឹកប្រាក់ប្រមាណ​៦លានដុល្លារ ដែលត្រូវការចូលរួមជាចាំបាច់ពីសំណាក់​ប្រទេសជាមិត្ត​ វិស័យឯកជន​ និងសប្បុរសជនជាតិ​ និងអន្តរជាតិ៕