(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ការងារស័្មគ្រចិត្ដ ជាធនធានមួយដ៏សំខាន់ ក្នុងការបង្ហាញនូវគំរូល្អ ដល់អ្នកជុំវិញខ្លួន ដោយមិនដឹងខ្លួនពិសេស​ពេលចេញទៅអនុវត្ដន៍ការងារនីមួយៗ ដើម្បីជួយកិច្ចការងារមនុស្សធម៌ ជួយជនងាយរងគ្រោះ ពិសេសប្អូនៗធ្វើចរាចរណ៍នៅតាមស្ដុបនីមួយៗ និងសកម្មភាពជាច្រើនផ្សេងទៀ។

លោកបានថ្លែងបែបនេះ ក្នុងឱកាសបំពាក់ឯកសណ្ឋានលើកទី២ ឆ្នាំ២០១៧​ ដល់សមាជិកថ្មី ក្លឹមយុវជនកាកបាទក្រហមកម្ពុជា ចំនួន២០៧នាក់ នៅសាកលវិទ្យាល័យ វិទ្យាសាស្ដ្រ សុខាភិបាល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ។

លោក ហ៊ុន ម៉ានី បានថ្លែងថា «ការងារស្ម័គ្រចិត្ដ ជាការងារមួយចេញពីបេះដូង ដោយមិនមែនធ្វើដើម្បីទទួលបានប្រាក់កម្រៃនោះទេ ហើយការងារស្ម័គ្រចិត្ដ ជាការងារមួយ បន្ថែមទៅលើការងារប្រចាំថ្ងៃរបស់យើង ដូច្នេះយើងត្រូវឆ្លៀតឱកាសឲ្យបាន ក្នុងកម្រិតណាមួយ តាមរយៈការងារស័្មគ្រចិត្ដ លះបង់ដើម្បីជួយដល់សង្គម ជួយជនងាយរងគ្រោះ មិនថាអ្នកណានោះទេ ព្រោះរស់នៅលើទឹកដីយើងតែមួយ។ ពិសេសការងារស័្មគ្រចិត្ដ នឹងបណ្ដុះបណ្ដាលឲ្យយើង ចេះដឹកនាំ ចេះរកគន្លឹះ ក្នុងការដោះស្រាយធ្វើអ្វីមួយដោយ ជួយសង្គមជាធំ»។

លោកបានថ្លែងទៅកាន់សមាជិកថ្មី ក្លឹមយុវជនកាកបាទក្រហមកម្ពុជាថា «ពេលប្អូនចេញទៅធ្វើសកម្មភាពកាកបាទក្រហមក្ដី និងសកម្មភាពផ្សេងៗក្ដី ដោយស្ម័គ្រចិត្ដប្អូននឹងយល់ពីការងារស័្មគ្រចិត្ដនេះ ដោយខ្លួន ថានឹងបានអ្វីមកវិញនោះ គឺស្នាមញញឹមដោយសប្បាយចិត្ដ ពីពួកគាត់មកកាន់ប្អូននោះ ប្អូននឹងយល់ពីការងារនេះ ហើយប្អូននឹងក្លាយជាបុគ្គល ដែលរស់នៅក្នុងសង្គមមួយ ដែលចេះយកអាសារ ចេះដឹងពីទុក្ខធុរៈ ចេះដឹងចែករំលែកពីអ្វីដែលខ្លួនមាន ទៅឲ្យអ្នកដទៃ និងសង្គមជាតិ»

ព្រមជាមួយគ្នានោះ គឹម ហៀង ដែលជាសមាជិកថ្មី ក្លឹមយុវជនកាកបាទក្រហមកម្ពុជា មកពីសាកលវិទ្យាល័យ វិទ្យាសាស្ដ្រ សុខាភិបាលបានថ្លែងថា «ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលជាសមាជិកថ្មី របស់ក្លឹមយុវជនកាកបាទក្រហមកម្ពុជា ព្រោះខ្ញុំបានចូលរួមចំណែក ធ្វើការងារមនុស្សធម៌យ៉ាងពិកប្រាកដ ជួយដល់ប្រជាពលរដ្ឋយើង ដែលត្រូវការយើងជួយ ទាំងក្រីក្រ ក្មេងកំព្រារ ស្រ្ដីចាស់ជរា ទឹកជំនន់ ការខ្វះខាត​សាលារៀន ផ្ទះស្នាក់នៅ ខ្វះលុយសិក្សា ខ្វះអាហារ និងគ្រោះធម្មជាតិ ដូចនេះ ខ្ញុំបានចូលរួមជួយពួកគាត់ តាមសកម្មភាពស័្មគ្រចិត្ដរបស់កាកបាទក្រហមកម្ពុជា ហើយខ្ញុំសប្បាយចិត្ដណាស់។ ខ្ញុំនឹងប្ដេជ្ញាចិត្ដ ក្នុងការជួយសង្គមជាតិយើង ឲ្យឈានទៅរកភាព ចេះជួយយកអាសារគ្នាទៅវិញទៅមក និងសាមគ្គីគ្នា អភិវឌ្ឍប្រទេសជាតិ ទៅមុខដោយការរីកចម្រើន»។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ សកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល សកម្មភាពរបស់ក្លឹម យុវជនកាកបាទក្រហមកម្ពុជា សាខាសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល រយៈពេលបីឆ្នាំចុងក្រោយនេះ ២០១៥-២០១៧ បានសម្រេចនូវសមិទ្ធិផលជាច្រើន ទាំងសកម្មភាពសប្បុរសធម៌ ការងារផ្ដល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋក្រីក្រ ការបរិច្ចាគឈាម ការលើកម្ពស់កម្មវិធីមិត្ដជួយមិត្ដ រួមទាំងសកម្មភាពជាច្រើនទៀត ជួយដល់ការអភិវឌ្ឍសង្គមជាតិ។

គួររំឮកថា និស្សិត សមាជិកថ្មី ក្លឹមយុវជនកាកបាទក្រហមកម្ពុជា សាខាវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល សរុប២០៧នាក់ ដែលពីសាលាបច្ចេកទេសថែទាំ វេជ្ជសាស្ដ្រ ចំនួន១៧៣នាក់ និស្សិតស្រី ចំនួន ១២៣នាក់ និងមកពីមហាវិទ្យាល័យវេជ្ជសាស្ដ្រ ចំនួន ៣៤នាក់ និស្សិតស្រី ចំនួន ១៥នាក់៕