(ស្វាយរៀង)៖ កម្លាំងការិយាល័យជំនាញ នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយវៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន៣ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីបានចំនួន៥នាក់ ព្រមទាំងដកហូតបានថ្នាំញៀនប្រមាណ១៣កញ្ចប់ធំតូច និងវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ទាំង៣ករណីខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រោមបញ្ជាផ្ទាល់ពី
លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។

បើតាមមន្ដ្រីអាវុធហត្ថបានប្រាប់មកអង្គភាព Fresh News នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ​ ឲ្យដឹងថា ចំពោះករណីទី១ នៅវេលាម៉ោង១៥៖៣០ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថ បានចុះប្រតិបត្តិការបង្រ្កាប នៅក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ គល់ សុវណ្ណេត ភេទប្រុស អាយុ២២ឆ្នាំ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់, ម៉ូតូចំនួន១គ្រឿង, ទូរស័ព្ទដៃ៣គ្រឿង, ប្រាក់រៀលចំនួន១,៣០០,០០០ រៀល។

មន្ដ្រីអាវុធហត្ថបានបន្តថា ចំពោះករណីទី២ នៅវេលាម៉ោង១៥៖៣០ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថ បានចុះប្រតិបត្តិការបង្រ្កាប នៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ តូច រៈ ភេទប្រុស អាយុ២៦ឆ្នាំ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ មានទម្ងន់១,៣០ក្រាម (គិតទាំងសំបកវិចខ្ចប់), ទូរស័ព្ទដៃចំនួន១គ្រឿង និងការបូបដៃ១។

មន្ដ្រីដដែលរូបនោះបានបន្ដទៀតថា ចំពោះករណីទី៣ នៅវេលាម៉ោង០១៖៣០ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថ បានចុះប្រតិបត្តិការបង្រ្កាប នៅក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់រួមមាន៖ ទី១៖ មានឈ្មោះ អ៊ុ សុភា ភេទស្រី អាយុ២២ឆ្នាំ ទី២៖ ឈ្មោះ គៀវ សាក់កាណា ភេទប្រុស អាយុ២៧ឆ្នាំ ទី៣៖ ឈ្មោះ វ៉ែន ដាវី ភេទស្រី អាយុ២៥ឆ្នាំ។
 
ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៧ កញ្ចប់ធំ២ កញ្ចប់តូច៥កញ្ចប់ ទម្ងន់១០៥.២៨ ក្រាម (គិតទាំងសំបកវិចខ្ចប់ ),រថយន្តកាមារីចំនួន១គ្រឿង ,ទូរស័ព្ទដៃ២គ្រឿង ,ប្រាក់រៀលចំនួន១៨,០០០ រៀល, ប្រាក់វៀតណាមចំនួន១,៤០០,០០០ដុង, ប្រាក់ដុល្លារអាមេរិកចំនួន២៤០ដុល្លារ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាងខាងលើនេះ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសុំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕