(បាត់ដំបង)៖ មនុស្ស២នាក់ (កុមារាម្នាក់) បានស្លាប់ភ្លាមៗដោយសាររន្ទះបាញ់ ខណៈមេឃកំពុងភ្លៀង ដោយករណីទី១ កើតឡើងនៅចំណុចភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង​ និងករណីទៀតកើតឡើងនៅចំណុចឆ្កែលិឌ ស្ថិតនៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះថា ជនរងគ្រោះទី១ឈ្មោះ មឿត ជីវ៉ា អាយុ៨ឆ្នាំ រស់នៅចំណុចខាងលើ (ខណៈជនរងគ្រោះកំពុងត្រងទឹកភ្លៀងនៅសំយាបផ្ទះ) និងជនរងគ្រោះម្នាក់ទៀតឈ្មោះ សឿន ចាន់ អាយុ៥៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់។

សមត្ថកិច្ចមូលដ្ឋានបានបន្តថា មុនពេលកើតហេតុបុរសជាជនរងគ្រោះ បានចេញពីផ្ទះទៅមើលគោដែលចងនៅវាលស្រែនៅចំណុចកើតហេតុ ខាងលើដោយធ្វើដំណើរទៅម្នាក់ឯង ក្នុងពេលមេឃកំពុងមានភ្លៀងរលឹម និងផ្គររន្ទះពេលធ្វើដំណើរដល់វាលស្រែកន្លែងកើតហេតុ ស្រាប់តែមាន រន្ទះបាញ់បណ្តាល ឲ្យស្លាប់ក្នុងទឹកស្រែ ដែលមានចំងាយប្រមាណ២០០ម៉ែត្រ ខាងលិចភូមិព្រៃផ្តៅ។

អាជ្ញាធរស្រុកទាំង២ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា នៅពេលមេឃរកភ្លៀងម្តងៗ គឺនាំគ្នាផ្អាក់ការងាររួចរត់ទៅរកទីកន្លែងសុវត្តិភាព បណ្តោះអាសន្ន ហើយមិនត្រូវនៅជិតដែក បិទទូរស័ព្ទ វិទ្យុ ដើម្បីការងារខ្លួនកុំឲ្យមានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត។

បច្ចុប្បន្នសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕