(កណ្ដាល)៖ ​លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារ ចុះជួយឃុំដីឥដ្ឋ ឃុំគគីរ និងឃុំភូមិធំ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ចុះជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅស្រុកកៀនស្វាយ មុនពេលប្រឡងបាក់ឌុប ដើម្បីលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងរៀនសូត្រ។

ថ្លែងក្នុងឱកាសនោះ លោក ម៉ក់ ពេជ្ជរិទ្ធ បានប្រាប់ទៅសិស្សានុសិស្ស ដែលនឹងត្រូវ​ចូលប្រឡង នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ត្រូវធ្វើយ៉ាងណាខិតខំ រៀនសូត្រ ចៀសវាងការដើរលេងច្រើន ​​ទើប​ទទួលបានជោគជ័យ។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា សិស្សានុសិស្ស​ទាំងអស់ គឺជាទំពាំងស្នងឬស្សី ដែលប្រទេសជាតិត្រូវការបំផុតនាពេលអនាគត ដូច្នេះហើយសូមកុំធ្វើឲ្យប្រទេសជាតិអស់សង្ឃឹមឲ្យសោះ។ ជាមួយគ្នានោះ លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានឧបត្ថម្ភដល់សិស្សថ្នាក់ទី១២ ក្នុងម្នាក់៥ម៉ឺនរៀលផងដែរ៕​