(ស្ទឹងត្រែង)៖ រថយន្តមួយគ្រឿង ដែលផ្ទុក​ឈើប្រណិតពេញប្រៀប រួមទាំង​បុរសពីរនាក់នោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ​បង្ក្រាប​ និងឃាត់ខ្លួន​បាន គ្រាពួកគេកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ ឆ្លងពីដែនដីខេត្តស្ទឹងត្រែង​ ​ឆ្ពោះទៅកាន់ខេត្តរតនគិរី នៅយប់អាធ្រាត្រ​ឈានចូលថ្ងៃ១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង​។

​បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនឈានដល់បង្ក្រាបការដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុង១គ្រឿង និងឃាត់ខ្លួនជនសង្ស័យ២នាក់នោះ គឺកម្លាំងកងរាជអាវុធហត្ថ បានធ្វើការដេញប្រផាប់ចាប់ប្រភីង ហើយនៅក្នុងពេលនោះផងដែរ គេបានឃើញរថយន្តរបស់មន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តម្នាក់ ក៏មានវត្តមាននៅលើដងផ្លូវនោះដែរ។

សេចក្តីរាយការណ៍បានបន្តថា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរូបនោះ បានរងការចោទពីមេឈ្មួញឈើជនជាតិវៀតណាមម្នាក់ ឈ្មោះ លី វ៉ាង ដោយប្រាប់ថា គេបានបង់លុយទៅឲ្យមន្ត្រីនគរបាលម្នាក់ ឈ្មោះ ហាន វិច្ឆិកា ហៅ ​ម៉ូវ​​ ជាអ្នករត់ការបង់លុយទៅឲ្យមន្ត្រីសំខាន់ៗ ដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើ ប៉ុន្តែ​លោកម៉ូវ បានស៊ីដាច់លុយសម្រាប់រត់ការនោះ ទើបរថយន្តដឹកឈើរបស់លោក ត្រូវបានគេចាប់ ដោយទាំងអ្នកបើកបរម្នាក់ និងព្រូម្នាក់ផងដែរ។

លោក លី វ៉ាង បានប្រាប់ទៀតថា ឈើទាំងនេះគេបានប្រមូលទិញពីក្នុងខេត្តស្ទឹងត្រែង នាំយកទៅកាន់ខេត្តរតនគិរី និងយកទៅលក់នៅក្នុងប្រទេសវៀតណាម ចំណែក​រថយន្តដឹកឈើផ្សេងក្រៅពីរបស់លោក ឈ្មួញទាំងអស់សុទ្ធតែឲ្យលោក ហាន វិច្ឆិកា ហៅ ម៉ូវនោះ ជាអ្នករត់ការ និងមើលផ្លូវឲ្យទាំងអស់។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានឲ្យដឹងតាមទូរស័ព្ទ​ថា លោកមិនទាន់ទទួលបានដំណឹងជុំវិញរឿងនោះទេ ហើយលោកនឹងបើកការស្រាវជ្រាវភ្លាម។ លោកថា ប្រសិនបើរឿងនេះកើតមានដូចការចោទនោះមែន លោក ហាន វិច្ឆិកា នោះនឹងត្រូវប្រឈមនឹងការដាក់ទោស តាមវិន័យរដ្ឋបាលរបស់នគរបាលជាតិ ហើយក៏អាចប្រឈម​ការដកសក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិផងដែរ។

​​ដោយឡែក រថយន្តដឹកឈើដែលរងការបង្ក្រាបនោះ កម្លាំងអាវុធហត្ថបានប្រគល់ទៅឲ្យមន្ត្រីព្រៃឈើខេត្តនោះហើយ ចំណែកជនសង្ស័យ២នាក់ ដែលរងការឃាត់ខ្លួននោះ កំពុងស្ថិតក្រោមការសាកសួរ ពីកម្លាំងអាវុធហត្ថនៅឡើយ។

ប្រភពបានទម្លាយថា សកម្មភាពប្រមូលទិញឈើនៅក្នុងខេត្តស្ទឹងត្រែង នាំយកទៅខេត្តរតនគិរីសព្វថ្ងៃនេះ គឺមានឈ្មួញវៀតណាម​៥នាក់ ហើយត្រូវគេស្គាល់ឈ្មោះ ដុង, ប៉ាវ, ជីវ, ឡេង និងឈ្មោះ លី វ៉ាង​។ សកម្មភាពរបស់ឈ្មួញវៀតណាមទាំងនេះ អាជ្ញាធរមានសមត្ថកិច្ច និងសមត្ថកិច្ចជំនាញគ្រប់ប្រភេទ មិនគួរមើលរំលងនោះឡើយ ហើយក្រុមឈ្មួញឈើទាំងនោះ បានដឹកជញ្ជូនឈើប្រណិត ​រថយន្ត​សាំយ៉ុង កាមរីឆ្លាម និងកាមរីបាឡែន៕