(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានចុះបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលគ្រឿងញៀន តាមសហគមន៍ នៅក្រុងព្រះសីហនុ។

ការសាងសង់មជ្ឈមណ្ឌលនេះ គ្រោងចំណាយថវិកាប្រហែល ៦លានដុល្លារ ដែលអាចឲ្យជនរងគ្រោះដោយសារញៀន ចូលទទួលសេវាព្យាបាលបានចំនួនប្រហែល២ពាន់នាក់។ មិនតែប៉ុណ្ណោះមជ្ឈមណ្ឌលនេះមានបង្រៀន ជំនាញឯកទេស ដល់ជនរងគ្រោះដោយសារថ្នាំញៀន ក្រោយពីទទួលការព្យាបាលហើយអាចត្រឡប់ទៅវិញ ដោយមានជំនាញផ្ទាល់ខ្លួន ដើម្បីជាដើមទុនប្រកបរបរចិញ្ចឹមជីវិត និងចៀសវាង ឲ្យពួកគេនឹកឃើញការប្រើប្រាស់ថ្នាំញៀនម្តងទៀត។

ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ភាគីវៀតណាមបានផ្តល់ជំនួយជាថវិកាចំនួន៣លានដុល្លារ និងអ្នកជំនាញការ ដើម្បីចូលរួមក្នុងយុទ្ធនាការ បង្ក្រាបគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដើម្បីចូលរួមការស្តារនីតិសម្បទាដល់ជនដែលរងគ្រោះ ដោយសារគ្រឿងញៀន។

បើតាមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នេះជាចំណុចដែលកត់សំគាល់ឃើញថា ទោះបីមានការខិតខំពង្រាយនូវមណ្ឌលព្យាបាលរបស់ ក្រសួងសុខាភិបាល ចំនួន១៧៧មណ្ឌល និងការព្យាបាលតាមសហគមន៍ក៏ដោយ ក៏ដំណើរការនៃចូលខ្លួន របស់អ្នកញៀនគ្រឿងញៀនមួយចំនួន នៅតែមិនបានចូល មកព្យាបាលដូចអ្វី ដែលអាជ្ញាធរគ្រឿងញៀន បានគ្រោងទុកនោះដែរ ដែលនេះបានធ្វើឲ្យចំនួនអ្នកញៀនគ្រឿងញៀន នៅក្នុង​សង្គមមានការកើនឡើងគួរឲ្យគត់សំគាល់។

លោកបញ្ជាក់ថា «តាមរបាយការណ៍ថ្មី ដែលអាជ្ញាធរប្រឆាំងគ្រឿងញៀន ទើបទទួលបានចំនួនអ្នកញៀនគ្រឿងញៀន នៅកម្ពុជា មានចំនួន១២.០០០នាក់»៕