(ភ្នំពេញ)​៖ សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​សីហា​ ​នេះ​ នឹង​បើក​សវនាការ​រឿង​ក្ដី​លោក​ស្រី​ ថាក់​ ឡានី​ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រង្ស៊ី​ ពាក់ព័ន្ធ​ បទល្មើស​​បរិហារកេរ្តិ៍​ចោទប្រកាន់​សម្តេច​តេជោ ហ៊ុន សែន ​ថា​ ជា​អ្នក​សម្លាប់​លោក​ កែម​ ឡី​ ។

លោក​ ទូច​ ថារិទ្ធិ​ អគ្គ​លេខា​ធិការ​រង​និង​ជា​អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ ប្លង់​ សំណាង​ អនុប្រធាន​សាលាឧទ្ធរណ៍​ វេលា​ម៉ោង​៨ព្រឹក​ ថ្ងៃ​ទី​១០​ ខែ​សីហា​ ។

គួរ​រំលឹក​ថា​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក​ស្រី​ ថាក់​ ឡានី​ ដាក់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​និង​ពិន័យ​៨លាន​រៀល​ ព្រម​ទាំង​សងសំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ ចំនួន​១០០រៀល​ ។

លោក​ចៅក្រម​ អ៊ី​ ថាវរៈ​ ក៏​បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​លោក​ស្រី​ ថាក់​ ឡានី​ ផង​ដែរ​ ខណៈ​ជនជាប់ចោទ​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​បាត់​ហើយ​ ។

លោក​ស្រី​ ថាក់​ ឡានី​ ជាប់​ចោទ​ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ​ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាព​វឹកវរ​ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

នៅ​ក្នុង​វេទិកា​សាធារណៈ​នៅ​ខេត្ត​រតនគិរី​ អ្នកស្រី​ ថាក់​ ឡានី​ បាន​ចោទប្រកាន់​សម្តេច​តេជោ​ថា​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ។​

ដើម្បី​ស្វែងរក​ភាព​យុត្តិធម៌​ និង​ ភាព​ស្អាតស្អំ​ក្នុង​នាម​ជា​មេ​ដឹកនាំ​កំពូល​នៃ​ប្រទេស​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​តាម​រយៈ​លោក​មេធាវី​ គី​ តិច​ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​អ្នកស្រី​ ថាក់​ ឡានី​ ដោយ​សំណូមពរ​ឲ្យ​តុលាការ​ចាត់​ការ​តាម​ច្បាប់​ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ត្រឹម​១០០រៀល​ ប៉ុណ្ណោះ​ ៕