(ភ្នំពេញ)៖ ភ្នាក់ងារអភិវឌ្ឍ៍អន្តរជាតិស៊ុយអែត SIDA (Swedish International Develovpment Ageny) បានចុះអនុស្សារណៈយោគយល់ជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP លើឯកសារគោលនយោបាយ និងផែនការមេនៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៃសាកលវិទ្យាល័ភូមិន្ទភ្នំពេញ (Information and Communication Technology Policy and Master Plan 2017 – 2020) ដែលមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារអន្តរជាតិអភិវឌ្ឈប្រទេសស៊ុយអែត (SIDA)។

កិច្ចសហប្រតិបតិការខាងលើនេះ គឺចំណាយថវិកាខ្ទង់លានដុល្លារ លើគម្រោងផែនការជាច្រើនដំណាក់កាល ក្នុងការបណ្តុះបណ្តាល និស្សិតកម្ពុជា ឲ្យប្រើប្រាស់ទូរស័ព្ទ Smart Phone មកសិក្សាស្រាវជ្រាវលើមេរៀន និងការសិក្សាវិញ ជាងការដែលយកបច្ចេកវិទ្យាទៅប្រើប្រាស់ ក្នុងគោលដៅផ្សេងក្រៅពីការសិក្សា។

ការចុះអនុស្សារណៈយោគយល់នេះ បានធ្វើឡើងរវាង លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ជាមួយលោក Magnus Saemundsson លេខាធិការទី១ នៃទូតស៊ុយអែត និងជាតំណាងឲ្យ ភ្នាក់ងារអភិវឌ្ឍ៍អន្តរជាតិស៊ុយអែត SIDA ដែលគ្រប់គ្រងលើការអប់រំ និងស្រាវជ្រាវ។

MoU ជាផ្លូវការនេះ បានរៀបចំឡើង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ នៅឯនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC ដោយមានការចូលរួមពីសាស្រ្តចារ្យ និងដៃគូពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឪកាសនោះ លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា RUPP បានចាប់ដៃគូជាមួយ ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត SIDA ដោយសារតែ សំឡេងឃើញថា ភ្នាក់ងារមួយនេះ បានសហការជាមួយបណ្តាប្រទេសជាច្រើនឲ្យមានការរីកចម្រើនលើផ្នែកបច្ចេកវិទ្យានេះ រួចមកហើយ ​ដូចជាប្រទេសវៀតណាមជាដើម។

លោកជឿជាក់ថា ភ្នាក់ងារអភិវឌ្ឍ៍អន្តរជាតិស៊ុយអែត SIDA គឺជាដៃគូដ៏រឹងមាំមួយ ដែលអាចជួយឲ្យ គម្រោងមួយ នេះ ដំណើរការទៅបានជោគជ័យ ដោយយោងតាមបទពិសោធន៍ និងសមត្ថភាពរបស់SIDA គួបផ្សំនឹងការ សហការដ៏ល្អ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ជាសាកលវិទ្យាល័យដែលល្អ ដូចជាសាកលវិទ្យាល័យនៅលើពិភពលោក មិនចាំបាច់ទៅសិក្សានៅក្រៅប្រទេស។

លោក Magnus Saemundsson លេខាធិការទី១ នៃទូតស៊ុយអែត និងជាតំណាងឲ្យ ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត SIDA បានលើកឡើងថា SIDA បានចាប់ដៃគូជាមួយ RUPP ដោយផ្តោតលើការអភិវឌ្ឍសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចនេះ ការសិក្សាស្រាវជ្រាវ ពិតជាមានសារៈសំខាន់ណាស់។ ដូចនេះ ទើប SIDA ជ្រើសរើសយក RUPP ដោយសារតែសាកលវិទ្យាល័យមួយនេះ មានលក្ខណៈគ្រប់គ្រាន់ និងមានលទ្ធភាព ឲ្យគម្រោងមួយនេះ ទៅដល់គោលដៅលឿនជាងគេ ក្នុងការស្រាវជ្រាវ និងពង្រឹងចំណេះដឹង ឲ្យប្រជាពលរដ្ឋ បានយល់ដឹងពីសិទ្ធ និងប្រជាធិបតេយ្យរបស់ខ្លួនផងដែរ។

លោកថា មូលហេតុដែលSIDA ចង់សហការជាមួយ RUPP ដោយសារ លោកបានសិក្សាស្រាវជ្រាវឃើញថា បច្ចេកវិទ្យានៅកម្ពុជា ជាពិសេសនៅសាកលវិទ្យាល័យផ្សេងៗ មានសិស្សនិស្សិតប្រមាណ៦០ភាគរយ ប្រើប្រាស់ទូរស័ព្ទ Smart Phone។ ភាគច្រើនឃើញថា ការប្រើប្រាស់ទូរស័ព្ទ Smart Phoneគឺសម្រាប់តែការលេង Facebook តែ SIDA ចង់បង្កើនការប្រើប្រាស់បច្ចេកវិទ្យា និងការប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ការស្រាវជ្រាវ និង សិក្សារបស់ពួកគេ។

លោក Magnus Saemundsson បន្តថា MoU រវាង SIDA និង RUPP នឹងធ្វើយ៉ាងណាឲ្យប្រព័ន្ធ អាយស៊ីធី ICT (ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា) កាន់តែមានស្តង់ដារ ដូចនឹងបណ្តាប្រទេសដទៃទៀត នៅលើពិភពលោក។

លោក ងន់ ម័រ ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានលើកឡើងថា អ្នកជំនាញបរទេសផ្នែកអាយស៊ីធី និងក្រុមការងារ SIDA បានចាប់ផ្តើមសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាំងពីឆ្នាំ២០១៥ ដើម្បីប្រមូលទិន្ន័យនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានរបស់បុគ្គលិក សាស្រ្តាចារ្យ និស្សិត សម្រាប់រៀបចំជាឯកសារគោលនយោបាយ និងផែនការមេនៃអាយស៊ីធីសម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងនោះកិច្ចការបឋមមានដូចជាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីធ្លាសាលាដែលមានការតភ្ជាប់បណ្តាញមេទៅគ្រប់អគារទាំងអស់ រួមទាំងនៅតាមជាន់នៃអគារផងដែរ។ ក្នុងនោះការរៀបចំអ៊ីនត្រាណិត, អ៊ីនធឺណិត និងឧបករណ៍ អាយស៊ីធីសម្រាប់លើកកំពស់ការរៀន និងការបង្រៀននៅក្នុងសាលាដើម្បីឲ្យមានលក្ខណៈទំនើប៕