(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ធ្វើការសិក្សាពីនីតិវិធី ក្នុងការពន្លឿនការផ្ដល់លិខិតឆ្លងដែន ជូនដល់ប្រជាពលរដ្ឋ និងពលករដែលធ្វើការនៅក្រៅប្រទេសឲ្យបានលឿន និងឆាប់រហ័សក្នុងគោលដៅជួយកាត់បន្ថយ ការចេញទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ និងការជួញដូរមនុស្ស។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់អនុវត្ដន៍ឆ្នាំ២០១៧-២០១៨ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧​ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការពន្លឿននីតិវិធីក្នុងការធ្វើលិខិតឆ្លង ដែនឲ្យបានលឿន និងឆាប់រហ័សនេះ ក្នុងគោលដៅចៀសវាង កាត់បន្ថយការចំណាយ ពេលវេលាថវិការបស់ប្រជាពលរដ្ឋ និងពលករដែលមកធ្វើលិខិតឆ្លងដែន។

សម្ដេច​ក្រឡាហោម បានបញ្ជាក់ថា ការធ្វើលិខិតឆ្លងដែននេះ ត្រូវកំណត់ឲ្យបាន​ច្បាស់លាស់ថា តើមានរយៈពេលប៉ុន្មានថ្ងៃ មាន២ថ្ងៃ ឬ៣ថ្ងៃយ៉ាងយូរ ដើម្បីកាត់បន្ថយ​ការធ្វើចំណាកស្រុក ដោយខុសច្បាប់ និងការជួញដូរមនុស្សផងដែរ។

សម្ដេច ស ខេង បានលើកឡើងថា កន្លងមកពលករកម្ពុជា ដែលបានចេញទៅ ធ្វើការនៅក្នុងប្រទេសថៃ ឬប្រទេសផ្សេងទៀតមួយចំនួន មិនមានលិខិតឆ្លងដែនទេ ដោយសារតែការធ្វើលិខិត​ឆ្លងដែន មានការពិបាក និងមានរយៈពេលយូររហូតដល់១ខែ ឬ២ខែ​ដែលបញ្ហានេះ ត្រូវធ្វើការសិក្សា និងដោះ​ស្រាយបន្ថែម។

សម្ដេចក្រឡាហោម បានជំរុញឲ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរ​មនុស្ស រៀបចំចុះ​កិច្ចព្រមព្រៀង ឬអនុស្សរណៈជាមួយប្រទេស ដែលមិនទាន់បានធ្វើ និងប្រទេសដែលមានពលករកម្ពុជា កំពុងធ្វើការនៅទីនោះ​ដើម្បីធានាសុវត្ថិភាព ជូនដល់ពលករកម្ពុជា ដែលកំពុងធ្វើការទាំងស្របច្បាប់ និង​មិនស្របច្បាប់។

ជាមួយគ្នានោះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្ដៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានបញ្ជាក់ថា ការរៀបចំផែនការ និងឯកសារគោលប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្សនេះ មានគោលដៅលើកកម្ពស់ ការខិតខំប្រឹងប្រែងលុបបំបាត់រាល់ទម្រង់ជួញដូរ មនុស្សអំពើធ្វើអាជីវកម្មពលកម្ម​លើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដែលកើតមានក្នុងប្រទេស និង​ប្រជាជនកម្ពុជា បើទោះបីជាកើតមាននៅទីណាក៏ដោយទាំងក្នុង និងក្រៅប្រទេស។

លោកស្រី បានបន្ដថា​ឯកសារគោលនេះ សម្រាប់ឲ្យក្រសួង ស្ថាប័នជាតិ អន្ដរជាតិ និងដៃគូពាក់ព័ន្ធទាំង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យកទៅពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បធ្វើការកែសម្រួល និងយកទៅ​អនុវត្ដន៍ឲ្យចំទិសដៅ។

សូមបញ្ជាក់ថា ក្នុងផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០១៧-២០១៨ បានកំណត់នូវយុទ្ធសាស្រ្ដក្នុងការលើកកម្ពស់ការអនុវត្ដច្បាប់ គោលនយោបាយ និងកិច្ចសហប្រតិបត្តិ​ការទាំងថ្នាក់ជាតិ អន្ដរជាតិនូវរាល់ទម្រង់នៃការជួញដូរ មនុស្សឆ្លងដែន ជាពិសេសការកសាងច្បាប់បន្ថែម បទដ្ឋានគតិយុត្ដិដែលចាំបាច់កិច្ចការ ពារផ្លូវច្បាប់ និងការទប់ស្កាត់ការនាំចេញពលករដោយខុសច្បាប់៕