(ភ្នំពេញ)​៖ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានចេញ​ដីកា​បញ្ជា​ឲ្យកម្លាំងសមត្ថកិច្ចនាំ​ខ្លួនលោក​ ម៉ន​ ផល្លា​ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ​លើ​យុវជន​ម្នាក់​នៅខណ្ឌមានជ័យ កាលពីចុងខែឧសភា ឆ្នាំ២០១៧កន្លងទៅ។ នេះបើយោងតាមដីការបស់លោក សៀង សុខ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច នាល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ។

លោក ម៉ន ផល្លា អាយុ៤២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ 3Eo ផ្លូវលេខ15C ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

គួរ​រំលឹក​ថា​ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ បុរសរងគ្រោះម្នាក់ត្រូវបាន​​​ក្រុមសកម្មជន គណបក្សសង្គ្រោះជាតិប្រមាណ១០នាក់ បានព្រួតវាយធ្វើបាប គ្រាន់តែបើកម៉ូតូឆ្លងកាត់​ក្បួនដង្ហែបក្សរបស់ពួកគេ​ បណ្តាលឲ្យជាំហើមភ្នែកខាងឆ្វេងក្បាល និងលើខ្លួនប្រាណជាច្រើនកន្លែង។

ក្រោយមកនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បុរសរងគ្រោះ បានដាក់ពាក្យប្តឹងក្រុមអ្នកគាំទ្រគណបក្ស សង្រ្គោះជាតិទាំងនេះ នៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលបានវាយទាត់ធាត់លើរូបគាត់​៕